វឌ្ឍនភាពថ្មី! ស្ថានីយបង្គោលអង់តែនទូរសព្ទ តាមផ្លូវជាតិលេខ៥៥ ស្រុកវាលវែង កំពុងដំណើរការសាងសង់យ៉ាងសកម្ម ដើម្បីពង្រីកសេវាគ្របដណ្តប់ជូនប្រជាពលរដ្ឋ
03-09-2026 15:37
(ពោធិ៍សាត់)៖ ឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅក្នុងការលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារលើកកម្ពស់គុណភាពសេវា នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក អ៊ូ ឆៃ ប្រធានមន្ទីរ និងបានសហការយ៉ាងជិតស្និទ្ធ ជាមួយក្រុមការងារកាតព្វកិច្ចសេវាសាកល (USO) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះពិនិត្យផ្ទាល់ពីវឌ្ឍនភាព នៃការសាងសង់ស្ថានីយបង្គោលអង់តែនទូរសព្ទ ចំនួន២កន្លែង តាមបណ្តោយផ្លូវជាតិលេខ៥៥។
ផ្អែកតាមលទ្ធផលនៃការចុះពិនិត្យជាក់ស្តែងបង្ហាញថា ការដ្ឋានសាងសង់កំពុងដំណើរការទៅមុខយ៉ាងរលូន ដូចខាងក្រោម៖
*ស្ថានីយទី១ (ចំណុចទឹកធ្លាក់ដាតូច)៖ ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង បានបញ្ចប់ការចាក់គ្រឹះជើងតាងបង្គោលអង់តែនរួចរាល់ ១០០% ហើយ។ បច្ចុប្បន្នកំពុងទុករយៈពេល ១០ថ្ងៃឱ្យបេតុងរឹងមាំ ដើម្បីបន្តការដំឡើងបង្គោលអង់តែននៅវគ្គបន្ទាប់។
*ស្ថានីយទី២ (ចំណុចផ្លូវអន្ទង់អាំង)៖ ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង កំពុងដំណើរការចាក់គ្រឹះជើងតាងបង្គោលអង់តែនយ៉ាងសកម្ម។ ប្រសិនបើអាកាសធាតុអំណោយផល គ្មានភ្លៀងធ្លាក់រំខាន ការងារចាក់គ្រឹះនេះនឹងត្រូវបដិសន្ធិរួចរាល់១០០% នាពេលឆាប់ៗនេះ។
បន្ថែមពីនេះ ក្រុមការងារក៏បានបើកកិច្ចពិភាក្សាយ៉ាងលម្អិតជាមួយក្រុមបច្ចេកទេស នៃនិយ័តករទូរគមនាគមន៍កម្ពុជា និងក្រុមការងារ USO ដើម្បីត្រៀមលក្ខណៈសាងសង់ស្ថានីយអង់តែនថ្មី ១កន្លែងទៀត នៅចំណុចអន្លង់ក្រពើ ភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង តាមបណ្តោយព្រំដែន កម្ពុជា-ថៃ។
ការត្រៀមសាងសង់ទីតាំងទី៣នេះ គឺធ្វើឡើងដើម្បីអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកអភិបាលខេត្ត កាលពីកិច្ចប្រជុំក្រុមប្រឹក្សាខេត្តកន្លងទៅ ហើយគម្រោងនេះនឹងចាប់ផ្តើមដំណើរការសាងសង់នាពេលដ៏ខ្លីខាងមុខ ប្រសិនបើគ្មានអ្វីប្រែប្រួលនោះទេ។
ការខិតខំប្រឹងប្រែងរុញច្រានគម្រោងសាងសង់ស្ថានីយបង្គោលអង់តែនទាំងនេះ នឹងជួយសម្រួលយ៉ាងខ្លាំងដល់ការទំនាក់ទំនង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន ក៏ដូចជាធានាសុវត្ថិភាព និងភាពងាយស្រួលដល់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរ ដែលធ្វើដំណើរឆ្លងកាត់តាមតំបន់ទេសចរណ៍ដ៏សំខាន់ នៃផ្លូវជាតិលេខ៥៥៕
























