FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌល អ.វ.ត.ក ជាធនធានសំខាន់សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណុំរឿងខ្មែរក្រហម

03-09-2026 15:29

(ភ្នំពេញ)៖ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានចាត់ទុកធនធាននៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)
ថា ជាប្រភពធនធានដ៏សំខាន់មួយ សម្រាប់សាធារណជន និងអ្នកសារព័ត៌មាន ស្វែងយល់អំពីប្រវត្តិសាស្ត្រខ្មែរក្រហម ដំណើរការកាត់ក្តី និងឯកសារពាក់ព័ន្ធនឹងសំណុំរឿងនានា។

ការចាត់ទុកបែបនេះរបស់ លោក ពុយ គា បានធ្វើឡើងក្នុងដំណើរចុះទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅអំពី ប្រវត្តិសាស្ត្រ ការងារ សមិទ្ធផល និងកេរដំណែល។ ដោយមានការចូលរួមពី លោក ថោង សុជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាមន្រ្តីគ្រប់គ្រងជាន់ខ្ពស់ នៃ អ.វ.ត.ក. លោក ស្ងួន សុធារិទ្ធ មន្ត្រីផ្នែកច្បាប់នៃ អ.វ.ត.ក. និងអ្នកសារព័ត៌មានមកពីជាង ២០ស្ថាប័នផងដែរ។

នាឱកាសនោះដែរ លោក ពុយ គា បានបញ្ជាក់យ៉ាងដូច្នេះថា៖« ខ្ញុំបានតាមដានព្រឹត្តិការណ៍ពាក់ព័ន្ធនឹងខ្មែរក្រហម និងដំណើរការយុត្តិធម៌ចាប់តាំងពី ដើមទសវត្សរ៍ឆ្នាំ១៩៩០ ហើយដំណើរការកាត់ក្តីខ្មែរក្រហមបានចំណាយពេលប្រមាណ ១៦ឆ្នាំ។ ប៉ុន្តែសម្រាប់ការស្វែងយល់នៅមជ្ឈមណ្ឌលនេះ ខ្ញុំចំណាយពេលប្រមាណពីរម៉ោងកន្លះប៉ុណ្ណោះ ក៏អាចទទួលបានចំណេះដឹងជាច្រើនជុំវិញប្រវត្តិ និងដំណើរការកាត់ក្តី»។

លោកបានបញ្ជាក់ថា មជ្ឈមណ្ឌលនេះមានឯកសារ និងធនធានជាច្រើន ដែលអាចជួយឱ្យអ្នកសិក្សា អ្នកសារព័ត៌មាន និងសាធារណជន ស្វែងយល់ចាប់ពីប្រវត្តិការកកើតរបស់របបខ្មែរក្រហម ប្រវត្តិមេដឹកនាំមួយចំនួន រហូតដល់ដំណើរការកាត់ក្តីរបស់ អ.វ.ត.ក មជ្ឈមណ្ឌលនេះ ក៏បង្ហាញពីមេរៀនសំខាន់ៗសម្រាប់សង្គម និងពិភពលោកផងដែរ។ លោកថា បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ មិនត្រូវបានបំភ្លេចតាមពេលវេលានោះទេ ហើយអ្នកប្រព្រឹត្តអំពើទាំងនោះនៅតែអាចប្រឈមមុខនឹងច្បាប់ ទោះបីជាពេលវេលាបានកន្លងផុតជាច្រើនទសវត្សរ៍ក៏ដោយ។ ដំណើរការរបស់ អ.វ.ត.ក ក៏ជាការបង្ហាញថា កម្ពុជាគោរព និងអនុវត្តច្បាប់ទាំងជាតិ និងអន្តរជាតិ តាមរយៈយន្តការយុត្តិធម៌។

ក្រៅពីនេះ លោក ពុយ គា ក៏បានកោតសរសើរចំពោះការរៀបចំ និងអភិរក្សឯកសារនៅមជ្ឈមណ្ឌល ដោយចាត់ទុកថា វាជាគំរូសម្រាប់ការថែរក្សាបណ្ណសារ និងឯកសារប្រវត្តិសាស្ត្រនៅកម្ពុជា។ លោកយល់ថា បទពិសោធន៍នេះអាចត្រូវបានចែករំលែកទៅកាន់ស្ថាប័នផ្សេងៗទៀតទាំងនៅក្នុងប្រទេស តំបន់ និងអន្តរជាតិ។

ទោះយ៉ាងណាក៏ដោយ លោក ពុយ គា បានមើលឃើញថា ការបើកឱ្យសាធារណជនចូលស្វែងយល់នៅមជ្ឈមណ្ឌល អ.វ.ត.ក គឺជាឱកាសថ្មីមួយ ដែលអាចផ្តល់ចំណេះដឹងបានទូលំទូលាយជាងមុន ព្រោះទីនេះមានទាំងឯកសារ ការស្រាវជ្រាវ សម្ភារៈសម្រាប់ទស្សនា និងការធ្វើបទបង្ហាញអំពីប្រវត្តិ និងដំណើរការកាត់ក្តី។ លោកបានអំពាវនាវឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីមជ្ឈមណ្ឌលនេះ ដើម្បីឱ្យសិស្សានុសិស្ស ប្រជាពលរដ្ឋ និងសាធារណជនទាំងក្នុង និងក្រៅប្រទេស បានដឹង និងមានឱកាសចូលមកសិក្សាស្វែងយល់ដោយផ្ទាល់។

បន្ថែមពីនេះ ប្រធានក្លឹបអ្នកកាសែតរូបនេះ ក៏បានចាត់ទុកការផ្សព្វផ្សាយព័ត៌មានអំពីមជ្ឈមណ្ឌល អ.វ.ត.ក ថាជាកិច្ចការសំខាន់មួយ ដើម្បីឱ្យសាធារណជនបានដឹងថា ទីតាំងនេះបើកទទួលអ្នកចាប់អារម្មណ៍ទូទៅ និងអាចក្លាយជាប្រភពព័ត៌មានសំខាន់សម្រាប់ការសិក្សា ស្រាវជ្រាវ និងផ្សព្វផ្សាយប្រវត្តិសាស្ត្រខ្មែរក្រហមទៅកាន់ពិភពលោក៕