FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជរដ្ឋាភិបាលកម្ពុជា ពង្រីកវិសាលភាពនៃគ្របដណ្តប់ដោយប្រព័ន្ធគាំពារសង្គម ដល់ពលរដ្ឋជិត ៥០% នៅទូទាំងប្រទេស

03-09-2026 15:23

(ភ្នំពេញ)៖​ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនដ៏ឈ្លាសវៃ ប្រកបដោយបញ្ញាញាណ និងថាមភាព របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តកំណត់យកការលើកស្ទួយសុខុមាលភាព និង ជីវភាពពលរដ្ឋ, ការអភិវឌ្ឍមូលធនមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ជាការងារអាទិភាពចំពោះមុខ សំដៅចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យរយៈពេលវែង ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ប្រព័ន្ធគាំពារសង្គមកម្ពុជា បានបោះជំហានប្រកបដោយវឌ្ឍនភាព និងទទួលបានសមិទ្ធផលសំខាន់ៗ គួរជាទីមោទនៈ ក្រោមការដឹកនាំតម្រង់ទិសជាបន្តបន្ទាប់របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលបច្ចុប្បន្នមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយស និងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន។

ចាប់តាំងពីឆ្នាំ២០១៧មក, រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលជាច្រើនលើការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម តាមរយៈការពង្រីកវិសាលភាពនៃកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមដែលមានស្រាប់ និងការដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមថ្មីៗជាបន្តបន្ទាប់ ដោយត្រឹមត្រីមាសទី៣នៃឆ្នាំ២០២៦នេះ ប្រព័ន្ធគាំពារសង្គម និងការគ្របដណ្តប់សុខភាពនៅកម្ពុជា បាន និងកំពុងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋសរុបប្រមាណ ៨,៥លាននាក់ ឬស្មើនឹងជិត ៥០% នៃពលរដ្ឋសរុប ខណៈកាលពីដើមនីតិកាលទី៧ នៃរដ្ឋសភាមានពលរដ្ឋទទួលផលពីប្រព័ន្ធគាំពារសង្គមចំនួនប្រមាណ ៦,៥លាននាក់។

គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៦, កម្មវិធីជាតិជំនួយសង្គម មានវិសាលភាពគ្របដណ្តប់ពលរដ្ឋគោលដៅប្រមាណ ៥លាននាក់ ដោយរាជរដ្ឋាភិបាលបានវិភាជថវិការដ្ឋចំនួនប្រមាណ ១ ១៣០,១ប៊ីលានរៀល ឬស្មើនឹង ២៨២ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៦នេះ សម្រាប់អនុវត្តកម្មវិធីជាតិជំនួយសង្គមនានា រួមទាំងមូលនិធិសមធម៌សុខាភិបាលផងដែរ។

ដោយឡែក របបសន្តិសុខសង្គម បានគ្របដណ្តប់ពលរដ្ឋប្រមាណជាង ៣,៥លាននាក់ ដែលក្នុងឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានវិភាជថវិការដ្ឋចំនួនប្រមាណ ១ ៩០០ ប៊ីលានរៀល ឬស្មើនឹងប្រមាណ ៤៨៧លានដុល្លារអាម៉េរិក បន្ថែមលើថវិកាភាគទានពីសមាជិក ប.ស.ស. សម្រាប់របបសន្តិសុខសង្គម ៣ ធំៗ រួមមាន៖ ១) របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព, ២) របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ​និង៣)​ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន។

បន្ថែមលើនេះ កម្មវិធីជំនួយសង្គមពិសេស និងអន្តរាគមន៍ពិសេស ក៏ត្រូវបានដាក់ឱ្យអនុវត្ត ដើម្បីរក្សាលំនឹងជីវភាពពលរដ្ឋដែលទទួលរងកម្មវិបាកពីវិបត្តិ និងគ្រោះអាសន្ននានារួមមានវិបត្តិជំងឺកូវីដ១៩, សម្ពាធអតិផរណា, គ្រោះទឹកជំនន់ធ្ងន់ធ្ងរ និងសង្គ្រាមព្រំដែនជាដើម ស្របពេលដែលរាជរដ្ឋាភិបាល បានត្រៀមខ្លួនជានិច្ច ក្នុងការដាក់ចេញនូវវិធានការអន្តរាគមន៍តាមការចាំបាច់ ដើម្បីជួយរក្សាលំនឹងជីវភាពពលរដ្ឋ នៅពេលជួបវិបត្តិ និងគ្រោះអាសន្ន ដែលអាចកើតមានជាយថាហេតុនៅពេលខាងមុខ ផងដែរ៕