រដ្ឋមន្ត្រី ជា សុមេធី និងលោកស្រី ចាត់តំណាងនាំសម្ភារៈសិក្សា និងថវិកាឧបត្ថម្ភដល់អនុវិទ្យាល័យកោះសំពៅ និងគ្រួសារខ្វះខាត នៅស្រុកពាមជរ
03-09-2026 14:39
(ខេត្តព្រៃវែង)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមជរ រួមជាមួយលោកស្រី ជា ផល្គុន នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានចាត់ឱ្យលោក ខុម ផលលឿន អនុប្រធានទី១ នៃក្រុមការងារឃុំកោះសំពៅ ប្រគល់សម្ភារៈសិក្សារួមមាន៖ តុ សិស្ស-គ្រូ និងកៅអី ឧបត្ថម្ភជូនដល់អនុវិទ្យាល័យកោះសំពៅ ស្ថិតក្នុងភូមិអំពៅព្រៃ ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់តំណាងសាលាស្រុក ក្រុមការងារឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ កម្លាំងប្រដាប់អាវុធ ប្រជាការពារ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណ ១៥០នាក់។ សម្ភារសិក្សាដែលបានប្រគល់ជូនអនុវិទ្យាល័យកោះសំពៅនាឱកាសនោះរួមមាន៖ តុសម្រាប់សិស្សអង្គុយចំនួន៥០, តុសម្រាប់គ្រូបង្រៀនចំនួន៦, កៅអីសម្រាប់គ្រូបង្រៀនចំនួន ៦។
ក្នុងឱកាសដ៏ថ្លៃថ្លានោះដែរ តំណាងក្រុមការងារបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់លោករដ្ឋមន្ត្រី និងលោកស្រី ព្រមទាំងបាននាំយកថវិកានិងសម្ភារៈឧបត្ថម្ភបន្ថែម រួមមាន៖ ថវិកាឧបត្ថម្ភជូនអនុវិទ្យាល័យកោះសំពៅ ចំនួន ១,០០០,០០០រៀល, ថវិកាឧបត្ថម្ភជូនអាជ្ញាធរមូលដ្ឋានឃុំ ចំនួន ១,០០០,០០០រៀល, សម្លៀកបំពាក់ ចំនួន៦០ឈុត។
បន្ទាប់ពីបញ្ចប់ពិធីប្រគល់សម្ភារសិក្សា លោក ខុម ផលលឿន និងក្រុមការងារ បានបន្តដំណើរចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពជីវភាពជាក់ស្តែងរបស់គ្រួសារជួបការលំបាកមួយគ្រួសារ រស់នៅក្នុងភូមិទួលសាំង ឃុំកោះសំពៅ។
ក្នុងនោះ ក្រុមការងារបាននាំយកថវិកាឧបត្ថម្ភរបស់លោករដ្ឋមន្ត្រី និងលោកស្រី ចំនួន ២០ម៉ឺនរៀល ជូនដល់គ្រួសាររងគ្រោះ ព្រមទាំងសហការជាមួយក្រុមការងារភូមិ ដើម្បីរៀបចំសាងសង់ផ្ទះជូនគាត់ឡើងវិញ ដោយគ្រោងចំណាយថវិកាសរុបចំនួន ២,២៧០,០០០រៀល។
គូសបញ្ជាក់ផងដែរថា សកម្មភាពមនុស្សធម៌ និងការជួយជ្រោមជ្រែងវិស័យអប់រំ នៅក្នុងឃុំកោះសំពៅនាពេលនេះ គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំពោះសុខទុក្ខ និងការអប់រំរបស់ក្មួយៗសិស្សានុសិស្សនៅតាមមូលដ្ឋាន៕



















