អាជ្ញាធរខេត្តក្រចេះ ចុះអប់រំ និងផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋដែលកំពុងរុករករ៉ែមាសខុសច្បាប់ នៅស្រុកចិត្របុរី
03-09-2026 14:40
(ក្រចេះ)៖ មន្ត្រីជំនាញនៃមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ សហការជាមួយគណៈបញ្ជាការឯកភាពស្រុកចិត្របុរី បានចុះអប់រំណែនាំ និងផ្សព្វផ្សាយច្បាប់ រួមទាំងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ ដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលកំពុងធ្វើសកម្មភាពរុករករ៉ែមាសអនាធិបតេយ្យខុសច្បាប់ នៅតំបន់អូរយុង ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។
ការចុះអប់រំណែនាំនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការដឹកនាំដោយលោក ឌីវ ពិសី អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ និងលោក សន ស៊ីដែន អភិបាលរងស្រុកចិត្របុរី។ ក្នុងនោះមន្ត្រីជំនាញ និងអាជ្ញាធរស្រុកបានផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ៤៥៤/២៦ ស.ជ.ណ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តក្រចេះ ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោយពីរកឃើញថា នៅតែមានសកម្មភាពធ្វើអាជីវកម្មរ៉ែខុសច្បាប់ជាបន្តបន្ទាប់ ព្រមទាំងមានការចូលទន្ទ្រានកាន់កាប់ និងទិញ-លក់ដីធ្លីខុសច្បាប់ផងដែរ។
អាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលកំពុងធ្វើអាជីវកម្មរ៉ែមាស នៅទីតាំងខាងលើ បញ្ឈប់សកម្មភាពជាបន្ទាន់ ដូចជាការកាយរករ៉ែ និងការធ្វើអាជីវកម្មរ៉ែដែលគ្មានច្បាប់អនុញ្ញាត ការចរាចរណ៍សារធាតុគីមីខុសច្បាប់ និងការទន្ទ្រានកាន់កាប់ ឬទិញ-លក់ដីធ្លីខុសច្បាប់ ដែលស្ថិតនៅលើដែនអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែរបស់ក្រុមហ៊ុន។
អាជ្ញាធរបានរម្លឹកថា ប្រសិនបើមិនព្រមរុះរើ និងបញ្ឈប់សកម្មភាពទាំងនេះ ក្រោយផុតរយៈពេល ៣០ថ្ងៃ បុគ្គលទាំងឡាយណានៅតែបន្តនឹងត្រូវប្រឈមមុខចំពោះមុខច្បាប់ជាធរមាន៕









