អាវុធហត្ថខេត្តកំពង់ធំ ចាប់ផ្តើមចែកពាក្យជ្រើសរើសយោធិន
03-09-2026 14:34
(កំពង់ធំ)៖ ដោយបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញសំណេះសំណាល និងធ្វើការចែកពាក្យប្រឡងជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ដល់សិស្ស និស្សិត និងយុវជនទាំងអស់ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។
ការចែកពាក្យនេះ គឺមិនគិតប្រាក់នោះទេ។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានបញ្ជាក់ថា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ធំ គឺចាប់ចែកពាក្យចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ និងទទួលពាក្យចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ សិស្ស និស្សិត យុវជនទាំងអស់ អាចមកទទួលបាននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ធំ រៀងរាល់ម៉ោងធ្វើការ។
ឧត្តមសេនីយ៍ត្រី បានណែនាំដល់សិស្ស-និស្សិត និងយុវជន ដែលមកទទួលពាក្យប្រឡង ត្រូវយកឯកសារមកមួយជាចាំបាច់ដូចជា៖ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ, សំបុត្រកំណើត, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សញ្ញាបត្របរិញ្ញាបត្រជាដើម។
ឧត្តមសេនីយ៍ មាស យ៉ត បានជូនពរដល់សិស្ស និស្សិត យុវជន ដែលទទួលពាក្យប្រឡងទាំងអស់ មានសុវត្ថិភាព ក្នុងការធ្វើដំណើរទាំងមក ទាំងទៅប្រកបដោយសុខសុវត្ថិភាព និងប្រឡងជាប់គ្រប់ៗគ្នា។



















