ក្រសួងអធិការកិច្ច ចុះធ្វើអធិការកិច្ច ២៨០៧អង្គភាព និងដោះស្រាយបញ្ចប់ ១៨៨បណ្តឹង គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦
03-09-2026 14:27
(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំជាមួយគណៈកម្មការទី១ នៃរដ្ឋសភា ដឹកនាំដោយ លោក សរ ចំរុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ដើម្បីពិភាក្សាអំពី «វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្តនៃវិស័យអធិការកិច្ច របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»។
ក្នុងឱកាសនោះ លោក សុខ សូកេន បានបង្ហាញសមិទ្ធផលសំខាន់ៗរបស់ក្រសួង ក្នុងនីតិកាលទី៧ នៃរដ្ឋសភា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦។ ក្រសួងបានចុះធ្វើអធិការកិច្ចនៅតាមក្រសួង ស្ថាប័ន និងអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សរុប ២ ៨០៧អង្គភាព ក្នុងនោះបានណែនាំឱ្យកែលម្អ ១ ២១៦អង្គភាព។
ក្រសួងបានទទួល និងពិនិត្យដោះស្រាយ ៤៣៥បណ្តឹង ក្នុងនោះបានដោះស្រាយបញ្ចប់ ១៨៨បណ្តឹង និងបានចុះតាមដានការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលចំនួន ៣ ៨៥៣មុខសញ្ញា។ ជាមួយគ្នានេះ ក្រសួងបានរៀបចំការអប់រំផ្សព្វផ្សាយច្បាប់ ៦០០លើក ដោយមានអ្នកចូលរួម ១៣៥ ៦១១អង្គ/នាក់, រៀបចំវេទិកាសាធារណៈ ៤០លើក មានអ្នកចូលរួម ៣០ ៣៣២អង្គ/នាក់ និងចុះស្ទង់មតិចំនួន ១៦៨លើក។
រដ្ឋមន្ត្រី សុខ សូកេន បានសម្តែងការគោរពដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ដែលបានដឹកនាំរាជរដ្ឋាភិបាលអនុវត្តដោយជោគជ័យនូវយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រ ចតុកោណទាំង ៤ដំណាក់កាល កសាងមូលដ្ឋានគ្រឹះរឹងមាំ និងនាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍគ្រប់វិស័យ ព្រមទាំងសម្តែងការគាំទ្រចំពោះការបន្តដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយម របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានសម្តែងការគោរព និងអរគុណចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រដល់ការងារក្នុងវិស័យអធិការកិច្ច។
រដ្ឋមន្ត្រីអធិការកិច្ចបានបញ្ជាក់ថា ក្រសួងនឹងបន្តជំរុញការងារតាមយុទ្ធសាស្ត្រ «ព៤ជ៤» ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងជាពិសេសជំរុញបញ្ចប់ការរៀបចំឯកសារទស្សនាទាន ដើម្បីឈានទៅរៀបចំ សេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច ឱ្យបានឆាប់។
អង្គប្រជុំក៏បានផ្តល់មតិយោបល់លើការងារសំខាន់ៗក្នុងវិស័យអធិការកិច្ច និងកិច្ចសហការរវាងនីតិប្រតិបត្តិ និងនីតិបញ្ញត្តិ ដើម្បីពង្រឹងប្រសិទ្ធភាពការងារអធិការកិច្ច និងចូលរួមបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ៕














