ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមពិធីបញ្ចុះសព លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម នៅខេត្តតាកែវ
03-09-2026 13:12
(តាកែវ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រសួង នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមពិធីបញ្ចុះសព លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ភូមិត្បូងដំរី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
ក្នុងឱកាសនោះ លោក វង សូត អនុប្រធានទី២នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញបូជាផ្កា និងផ្តល់ព្រះធរណីចំពោះសព ព្រមទាំងមានការអញ្ជើញបូជាផ្កាពីសំណាក់ថ្នាក់ដឹកនាំ ឥស្សរជន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដើម្បីគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព។
លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ជាតំណាងរាស្ត្រមណ្ឌលតាកែវ និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលមរណភាពនៅវេលាម៉ោង ០០:២៩ នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ៕










