FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វេទិកាសម្ព័ន្ធសង្គមស៊ីវិល លើកទឹកចិត្តឱ្យ​អង្គការសង្គមស៊ីវិល ក្នុង​ខេត្តកំពង់ចាម និងត្បូងឃ្មុំ ចូលរួម​​លើកកម្ពស់​បរិវត្ត​កម្ម​ឌីជីថលដើម្បីកសាងសង្គមឌីជីថល​ និង​​ទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតាមសហគមន៍

03-09-2026 12:41

(កំពង់ចាម)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការ​​គណៈរដ្ឋមន្រ្តី បានសហការជាមួយរដ្ឋបាលខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ រៀបចំ​វេទិកាសន្ទនាក្រោមប្រធានបទស្ដីពី​ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យ​​ឌីជីថល» នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំប្រុស ក្រុងកំពង់ចាម។

អង្គវេទិកានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៉ៃ សំបូរ​ អគ្គលេខាធិការ​នៃអគ្គលេខាធិការដ្ឋាន​​ វ.ស.ស. តំណាងលោក កឹមរ័ត្ន វិសិដ្ឋ នាយករង​​ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធាន​​ក្រុមប្រឹក្សា​​​ភិបាល វ.ស.ស. លោក ខ្លូត ចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ម៉ៅ ឌុង អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមានការចូលរួម​ពីតំណាង​អង្គការ​​សង្គមស៊ីវិលនិងមន្ទីរជំនាញជាច្រើននាក់មកពី​ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

ថ្លែងក្នុងអង្គវេទិកាសន្ទនានាព្រឹកនេះ លោក ប៉ៃ សំបូរ​ ​បានកោតសរសើរនិងវាយតម្លៃខ្ពស់​ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអង្គការសង្គមស៊ីវិលក្នុងខេត្តទាំង២ ជាមួយអាជ្ញាធរមូលដ្ឋាន​នៃខេត្តនីមួយៗ ក្នុងការលើកកម្ពស់​​ការអភិវឌ្ឍ​លើគ្រប់វិស័យនៅថ្នាក់មូលដ្ឋាន។ លោក​​អគ្គលេខាធិការ​ក៏បានជំរុញ​ឱ្យអង្គការសង្គមស៊ីវិលយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តពង្រឹងសមត្ថភាពផ្នែកឌីជីថល ដើម្បីឈ្វេងយល់ឱ្យបានស៊ីជម្រៅអំពីបរិវត្តកម្មឌីជីថលនិងសុវត្ថិភាព​​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា សំដៅ​ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសង្គមឌីជីថល​​ ក៏ដូចជា​ចូលរួម​ទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតាមសហគមន៍ផងដែរ។ ​ឆ្លៀតក្នុងឱកាសនេះ លោកបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល​ជំរុញឱ្យយុវជនពង្រឹងសមត្ថភាពនិងបំណិនជីវិត តាមរយៈការចូលរៀនវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនៅ​វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសក្នុងខេត្តនីមួយៗ ដើម្បីទទួលបានឱកាសការងារនៅតាមក្រុមហ៊ុន សហគ្រាសក្នុងមូលដ្ឋាន ដែលអាចជួយបង្កើនជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរ ស្របតាមអាទិភាព​គន្លឹះនៃយុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ​ប្រកបដោយគតិ​បណ្ឌិត​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះដែរ លោក ខ្លូត ចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានកោតសរសើរនិងវាយតម្លៃខ្ពស់​ចំពោះការចូលរួមចំណែកយ៉ាងធំធេង​របស់អង្គការសង្គមស៊ីវិលក្នុងខេត្តនីមួយៗ ក្នុងការអភិវឌ្ឍលើវិស័យសំខាន់ៗ រួមទាំងការលើកកម្ពស់សុខុមាលភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលឆ្លើយតបទៅនឹងតម្រូវការ​ជាក់ស្តែងនៅថ្នាក់មូលដ្ឋាន និងស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលគ្រប់នីតិកាល។ លោកក៏បានលើកទឹកចិត្តឱ្យអង្គការ​​សង្គមស៊ីវិល​ទាំងអស់ បន្តចូលរួមកាន់តែសកម្មថែមទៀតជាមួយអាជ្ញាធរមូលដ្ឋាននិងគ្រប់ភាគីពាក់ព័ន្ធដោយស្មោះត្រង់និងមានតម្លាភាព ដោយត្រូវប្រកាន់ខ្ជាប់នូវការគោរពច្បាប់និងបទដ្ឋានគតិយុត្តជា​ធរមាន ដើម្បីចូលរួមលើកកម្ពស់នីតិរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយបរិយាបន្ន។ ​

សូមជម្រាបជូនថា ដើម្បីចូលរួមចំណែកពង្រឹងសមត្ថភាពរបស់អង្គការ​សង្គម​ស៊ីវិលឱ្យបានឈ្វេងយល់អំពី​បរិវត្តកម្ម​​​ឌីជីថល និងការយល់ដឹងអំពី​គោលនយោបាយសេដ្ឋកិច្ចនិងសង្គម​ឌីជីថលកម្ពុជា ២០២១-២០៣៥ វ.ស.ស. បានរៀបចំឱ្យមាន​បទបង្ហាញក្រោមប្រធានបទ «ការយល់ដឹងអំពីអក្ខរកម្ម​ឌីជីថលនិងសុវត្ថិភាព​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់អង្គការសង្គមស៊ីវិល» ដែលបានធ្វើបទបង្ហាញដោយលោក ឡាយ លាងស្រស់ អ្នកជំនាញមកពីបណ្ឌិត្យសភា​​​​បច្ចេកវិទ្យា​ឌីជីថលកម្ពុជាផងដែរ។