ក្រសួងមហាផ្ទៃផ្អាកការងារនគរបាលសេដ្ឋកិច្ចនៅខេត្តស្វាយរៀងពីររូប ពាក់ព័ន្ធការយកលុយពីអ្នកដឹកក្រណាត់ ៩ពាន់ដុល្លារ (Video inside)
03-09-2026 12:06
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន២រូប សង្ស័យជាប់ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយយកលុយ៩ពាន់ដុល្លារពីអ្នកដឹកក្រណាត់។
មន្ត្រីនគរបាលសេដ្ឋកិច្ច ដែលផ្អាកការងារ រួមមាន៖ ១) លោកវរសេនីយ៍ទោ ឈុន ឆាង នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង, ២) លោកវរសេនីយ៍ត្រី យ៉ន បូណាវី នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការផ្អាកការងារមន្ត្រីនគរបាលទាំងពីររូបនេះ ព្រោះប្រព្រឹត្តល្មើសបទវិន័យនគរបាលជាតិ។ ដោយឡែកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឱ្យដឹងថា ការសម្រេចខាងលើនេះ បន្ទាប់ពីការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ របស់ក្រុមប្រឹក្សាវិន័យ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រុមការងារចុះស៊ើបអង្កេតស្រាវជ្រាវ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមការងាររបស់ក្រសួងមហាផ្ទៃ។
តាមប្រពភពព័ត៌មានចំណាត់ការរបស់ក្រសួងមហាផ្ទៃលើមន្ត្រីនគរបាលទាំងពីររូបខាងលើនេះ កើតមានបន្ទាប់ពីការបែកធ្លាយវីដេអូឃ្លីបមួយពាក់ព័ន្ធការយកលុយចំនួន៩ពាន់ដុល្លារពីអ្នកដឹកក្រណាត់ កាលពីពេលថ្មីៗនេះ។
ពាក់ព័ន្ធការយកលុយនេះ កាលពីយប់មិញនេះ កម្លាំងនគរបាលអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះទៅឃាត់ខ្លួនបុរសម្នាក់ឈ្មោះ សុខ ធន់ នៅអាហារដ្ឋានមួយកន្លែងនៅខេត្តស្វាយរៀង។ បុរសរូបនេះ ជាអ្នកទទួលលុយពីអ្នកដឹកក្រណាត់៕


