FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី៖ ការវិនិយោគលើជំនាញវិជ្ជាជីវៈរបស់ស្រ្តី ជាការវិនិយោគលើគ្រួសារ សហគមន៍ និងសេដ្ឋកិច្ចជាតិ

03-09-2026 12:03

(ភ្នំពេញ)៖ លោកស្រី គ្រី ណាល់លីស រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បានសង្កត់ធ្ងន់ថា ការវិនិយោគលើជំនាញរបស់ស្រ្តី មិនមែនត្រឹមតែជាការវិនិយោគសម្រាប់បុគ្គលម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគដ៏សំខាន់លើគ្រួសារ សហគមន៍ និងអនាគតសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូល។

ការលើកឡើងសង្កត់ធ្ងន់បែបនេះរបស់មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី គឺបានឆ្លុះបញ្ចាំងពីការទទួលស្គាល់យ៉ាងមុតមាំនូវតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ក្នុងឱកាសអញ្ជើញជាតំណាងលោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី​ នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនគ្រូបង្គោល និងសិស្សដែលបានបញ្ចប់កម្មវិធីបណ្តុះអាជីវកម្មផ្នែកសម្អាងកាយ ឆ្នាំសិក្សា២០២៥។ ដែលរៀបចំដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី (WEE-DC) របស់ក្រសួងកិច្ចការនារី សហការជាមួយមជ្ឈមណ្ឌលបណ្តុះបណ្ដាលស្នាដៃនារីខ្មែរសាឡន។

ជាមួយគ្នានេះដែរ​ លោកស្រី គ្រី ណាល់លីស បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ស្ត្រីខ្មែរជាផ្នែកមួយដែលមានកំណត់នៅក្នុងអាទិភាពយុទ្ធសាស្ត្ររបស់ក្រសួងកិច្ចការនារី ក្នុងការលើកកម្ពស់សមត្ថភាពសេដ្ឋកិច្ចស្ត្រីការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងការជំរុញសហគ្រិនភាព ជាពិសេសសម្រាប់ស្ត្រី និងក្មេងស្រីនៅតំបន់ងាយរងគ្រោះ។

លោកស្រី គ្រី ណាល់លីស បានគូសបញ្ជាក់ថា៖ «ការវិនិយោគលើជំនាញរបស់ស្រ្តី មិនមែនជាការវិនិយោគសម្រាប់បុគ្គលម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើគ្រួសារ សហគមន៍ និងអនាគតសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូល។​​ បន្ថែមពីលើប្រាក់ចំណូលសម្រាប់បងប្អូនស្ត្រី និងសម្រាប់គ្រួសារ និងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ «មូលធនមនុស្ស» តាមរយៈការកសាងទំនុកចិត្តភាពជាអ្នកដឹកនាំ ស្មារតីសាមគ្គីភាព សមត្ថភាព និងភាពឯករាជ្យផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី»

មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី បានរម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្ត្រចតុកោណទាំង ៤ដំណាក់កាល បានចាត់ទុកស្ត្រី គឺជាឆ្អឹងខ្នងសេដ្ឋកិច្ច និងសង្គមជាតិ និងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៅតែបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាព អង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាពក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ «ស្ត្រី គឺជាស្នូល»

ត្រង់ចំណុចនេះ លោកស្រី គ្រី ណាល់លីស បានឱ្យដឹងថា ឆ្លើយតបនឹងចក្ខុវិស័យនេះ ក្រសួងកិច្ចការនារី ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានអភិវឌ្ឍផែនការយុទ្ធសាស្ត្រនារីរតនៈទី១ ដល់ទី៦, ដោយចាត់ទុក «ការងារកាត់បន្ថយភាពងាយរងគ្រោះរបស់ស្ត្រី និងក្មេងស្រី និងបង្កើនភាពអង់អាចជាពិសេសផ្នែកសេដ្ឋកិច្ចដល់ស្ត្រី» ជាកម្មវិធីអាទិភាពចម្បងក្នុងចំណោមយុទ្ធសាស្ត្រអាទិភាពនានា ដើម្បីបង្កើនជម្រើសជូនស្រ្តី និងក្មេងស្រីក្នុងជីវិតរបស់ពួកគេ និងដើម្បីចាកចេញពីវដ្ដនៃការរើសអើង ភាពងាយរងគ្រោះ និងអំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម។

ទន្ទឹមនឹងនេះ លោកស្រី គ្រី ណាល់លីស បានគូសបញ្ជាក់ថា​ កាលណាស្ត្រីជោគជ័យក្នុងមុខរបរ និងមានចំណូលខ្ពស់ ពួកគាត់មិនត្រឹមតែលើកកម្ពស់ សុខុមាលភាពគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលទ្ធភាពខ្ពស់ក្នុងការផ្គត់ផ្គង់ការសិក្សារបស់កូនៗ ឱ្យទទួលបានការអប់រំជ្រៅជ្រះ និងក្លាយជា «គំរូក្នុងភាពអ្នកដឹកនាំ និងសហគ្រិនភាព» សម្រាប់ស្រ្តី និងក្មេងស្រីដទៃទៀតក្នុងគ្រួសារ និងសហគមន៍។

យោងតាមរបាយការណ៍របស់លោកស្រី ហង់ វុត្ថា អគ្គនាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាល ស្នាដៃនារីខ្មែរ សាឡន​ បានបង្ហាញថា ក្នុងឆ្នាំ២០២៥ កន្លងទៅ មានសិស្សចំនួន ៦៧៩នាក់ និងក្នុងឆមាសទី១ ឆ្នាំ២០២៦ មានសិស្សចំនួន ៣៨៣នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ ដោយទទួលបានទាំងជំនាញបច្ចេកទេស និងចំណេះដឹងផ្នែកអាជីវកម្មដែលជាទុនយ៉ាងសំខាន់ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មផ្ទាល់ខ្លួន។ លទ្ធផលគួរឱ្យមោទនៈប្រមាណ ៨០ភាគរយ នៃសិក្ខាកាមមានមុខរបរច្បាស់លាស់ និងរកប្រាក់ចំណូលបន្ថែមដើម្បីលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ចគ្រួសារ៕