FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហាក់ ម៉ុងហួត បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ២៨០ម៉ែត្រ នៅឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក

03-09-2026 11:40

​(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ដែលមានប្រវែង ២៨០ ម៉ែត្រ ស្ថិតនៅក្នុងភូមិវាលតូច ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ដើម្បីរួមចំណែកជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យបានកាន់តែងាយស្រួល។

​នៅក្នុងឱកាសនោះលោកអភិបាលស្រុក បានពាំនាំនូវការនឹក រលឹក និងមតិផ្តាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅបំផុតពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលជានិច្ចកាលតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងបានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំចុះមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីស្វែងយល់ពីសុខទុក្ខ និងជីវភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

​ជាមួយគ្នានេះដែរ លោកអភិបាលស្រុក ក៏បានសម្តែងនូវការចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះប្រជាពលរដ្ឋ ដែលទទួលបាននូវសមិទ្ធផលថ្មីបន្ថែមទៀត គឺផ្លូវបេតុងអាមេមួយខ្សែនេះ ដែលជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ និងជាកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល ដែលបានទម្លាក់មកថ្នាក់ឃុំ ដើម្បីធ្វើការអភិវឌ្ឍន៍ និងឆ្លើយតបទៅនឹងតម្រូវការ ព្រមទាំងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

​ទន្ទឹមនឹងនេះលោក ហាក់ ម៉ុងហួត បានគូសបញ្ជាក់ថា ផ្លូវបេតុងមួយខ្សែនេះមិនមែនជារបស់បុគ្គលណាម្នាក់ឡើយ គឺជារបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ដូច្នេះសូមឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមសហការគ្នាថែរក្សាការពារផ្លូវនេះឱ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង។

​បន្ថែមពីនេះលោកអភិបាលស្រុក ក៏បានណែនាំ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម ដែលកំពុងតែរាលដាលនៅក្នុងរដូវភ្លៀងធ្លាក់នេះ។ ប្រសិនបើមានបញ្ហាសុខភាព ឬសង្ស័យថាមានអាការៈជំងឺ សូមប្រញាប់អញ្ជើញទៅពិគ្រោះ និងព្យាបាលនៅមណ្ឌលសុខភាពដែលនៅជិតបំផុត ឬជួបជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា។

លោកក៏បានលើកឡើងអំពី «ប័ណ្ណសមធម៌» ដោយបានពន្យល់អំពីអត្ថប្រយោជន៍យ៉ាងច្រើននៃប័ណ្ណនេះ នៅពេលដែលប្រជាពលរដ្ឋយកទៅប្រើប្រាស់សម្រាប់ការពិនិត្យ និងព្យាបាលជំងឺនៅតាមមណ្ឌលសុខភាព គ្លីនិក ឬមន្ទីរពេទ្យរដ្ឋផងដែរ។

បន្ថែមពីនេះលោក ហាក់ ម៉េងហួត ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសហការគ្នាយ៉ាងល្អប្រសើរ ក្នុងស្មារតីសាមគ្គីភាព ដើម្បីរួមចំណែកអភិវឌ្ឍន៍ភូមិ-ឃុំឱ្យមានការរីកចម្រើនជាបន្តបន្ទាប់មកដល់សព្វថ្ងៃនេះ៕