ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្តីណែនាំស្តីពីអនុវត្តទុនវិនិយោគជាក់ស្តែងឱ្យបានស្មើ ឬលើសទុនអប្បបរមា សម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងវិស័យកម្មន្តសាល
03-09-2026 11:19
(ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក./ក.អ.ក.) បានចេញសេចក្តីណែនាំស្តីពីការអនុវត្តទុនវិនិយោគជាក់ស្តែងឱ្យបានស្មើ ឬលើសទុនអប្បបរមា សម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) ក្នុងវិស័យកម្មន្តសាល ក្នុងគោលបំណងធានានូវអនុលោមភាពនៃការអនុវត្តគម្រោងវិនិយោគ ស្របតាមស្មារតីនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
យោងតាមសេចក្តីណែនាំនេះ គ.ល.គ. ក្នុងវិស័យកម្មន្តសាល ត្រូវតែអនុវត្តទុនវិនិយោគជាក់ស្តែងឱ្យបានស្មើ ឬលើសទុនអប្បបរមា ដែលបានកំណត់ក្នុងបញ្ជីអវិជ្ជមាននៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ។ ការអនុវត្តនេះត្រូវធ្វើឡើងក្នុងរយៈពេលមិនលើសពី ៣ (បី) ឆ្នាំ។ រយៈពេល ៣ ឆ្នាំនេះ នឹងត្រូវរាប់ចាប់ពីកាលបរិច្ឆេទនៃវិញ្ញាបនបត្រចុះបញ្ជី សម្រាប់គម្រោងដែលបានចុះបញ្ជីក្រោយការចេញសេចក្តីណែនាំនេះ។ ចំណែកឯគម្រោងដែលបានចុះបញ្ជីមុនការចេញសេចក្តីណែនាំនេះ រយៈពេល ៣ ឆ្នាំ នឹងត្រូវរាប់ចាប់ពីកាលបរិច្ឆេទនៃសេចក្តីណែនាំនេះផ្ទាល់។
បើតាម គ.វ.ក./ក.អ.ក. ក្នុងករណីដែលវិនិយោគិនមិនអនុវត្តតាមសេចក្តីណែនាំនេះ គ.វ.ក./ក.អ.ក. នឹងចាត់វិធានការតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដែលអាចឈានដល់ការដកហូតការលើកទឹកចិត្តវិនិយោគ។ អាស្រ័យហេតុនេះ គ.វ.ក./ក.អ.ក. សូមអំពាវនាវដល់វិនិយោគិនទាំងអស់ក្នុងវិស័យកម្មន្តសាល មេត្តាចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជាប្រកបដោយចីរភាព៕

