ស្រ្តីម្នាក់ស្លាប់ក្នុងបន្ទប់ខុនដូ UK618 ខណ្ឌទួលគោក ដោយសារគាំងបេះដូង
03-09-2026 10:55
(ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ មានករណីស្រ្តីម្នាក់បានស្លាប់នៅក្នុងបន្ទប់ខុនដូមួយកន្លែង ស្ថិតនៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ មុននឹងសមត្ថកិច្ចចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ។
សពជនរងគ្រោះមានឈ្មោះ សេង ចាន់លាភ អាយុ ២២ឆ្នាំ ស្នាក់នៅបន្ទប់លេខ ៦០១ ជាន់ទី៦ នៃអគារខុនដូ UK618 ផ្លូវលេខ ៦១៨ ភូមិ១៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
យោងតាមការបំភ្លឺរបស់ប្អូនស្រីបង្កើតរបស់សព ឈ្មោះ សេង ចាន់លិះ បានឲ្យដឹងថា បងស្រីរបស់ខ្លួនមានជំងឺគ្រុនឈាម និងសុខភាពខ្សោយកាលពីមួយខែមុន។
នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នាងនិងបងស្រីបានទៅផ្សារជាមួយគ្នា។ លុះដល់រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែកញ្ញា មិត្តប្រុសរបស់បងស្រីបានមកបន្ទប់ ហើយចេញទៅវិញនៅម៉ោងប្រហែល ៥ទៀបភ្លឺ។
ប្អូនស្រីបានព្យាយាមទាក់ទងបងស្រីជាច្រើនលើក ប៉ុន្តែមិនមានការឆ្លើយតប។ រហូតដល់វេលាម៉ោងប្រហែល ២០:៣០នាទីយប់ ថ្ងៃដដែល ដោយមិនឃើញបងស្រីភ្ញាក់សោះ ទើបនាងបានប្រាប់សន្តិសុខអគារឲ្យជួយគាស់ទ្វារ។
នៅវេលាម៉ោងប្រហែល ២២:៣០នាទី ជាងសោរបានមកដល់ ហើយពេលបើកទ្វារចូលទៅ ស្រាប់តែប្រទះឃើញបងស្រីបានស្លាប់បាត់ទៅហើយ។
ក្រោយពីការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឯកឧត្តមវេជ្ជបណ្ឌិត ជាង រ៉េន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ដែលអាចបណ្តាលមកពីជំងឺបេះដូង។
បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯខេត្តក្រចេះ។ ករណីនេះបានបញ្ចប់ដោយការសន្និដ្ឋានថាជាករណីស្លាប់ដោយសារជំងឺ មិនមែនជាអំពើឃាតកម្មនោះទេ។



