FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ទីវ តារារិទ្ធិ អ្នកជិះកង់ដើម្បីកុមារកម្ពុជា រៀបចំព្រឹត្តិការណ៍ជិះកង់រៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរជាថ្មី នៅសប្តាហ៍ក្រោយនេះ

03-09-2026 09:54

(ភ្នំពេញ)៖ លោក ទីវ តារារិទ្ធិ ដែលត្រូវបានគេស្គាល់ថាជា «កំពូលអ្នកជិះកង់ផ្សងព្រេង​ និងជាអ្នកជិះកង់ដើម្បីកុមារកម្ពុជា» បានបន្តបេសកកម្ម​របស់ខ្លួនជាថ្មី ក្នុងការស្វែងរកថវិកាបរិច្ចាគជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។

លោក ទីវ តារារិទ្ធិ ទើបតែបានបញ្ចប់បេសកកម្មជិះកង់ឆ្លងទ្វីបរយៈពេល ២ ឆ្នាំ (ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦) ដោយជិះបានចម្ងាយផ្លូវជិត ៦ ម៉ឺនគីឡូម៉ែត្រ ឆ្លងកាត់ ៤០ ប្រទេស ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារនៅកម្ពុជា ដោយប្រមូលបានថវិកាប្រមាណ២៦ម៉ឺនដុល្លារ​។

ដើម្បីបន្តកិច្ចការមនុស្សធម៌នេះ លោក ទីវ តារារិទ្ធិ បានសហការជា​មួយ​សាលាអន្តរជាតិអាប៊ែនឌែនឡៃ (Abundant Life International School) ​រៀបចំ​កម្មវិធីជិះកង់មួយឡើង ដើម្បីអញ្ជើញសាធារណជនចូលរួមបរិច្ចាគ ជួយកុមារកម្ពុជា។ កម្មវិធីជិះកង់នេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង៧ ដល់១០ព្រឹក នៅសួនច្បាររូបសំណាកនាងប្រាជ្ញាបារមី ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ថវិកាទាំងអស់ដែលទទួលបានពីការចុះឈ្មោះចូលរួមកម្មវិធី ទាំងពីប្អូនៗសិស្សានុសិស្សនៃសាលាអន្តរជាតិអាប៊ែនឌែនឡៃ និងសាធារណៈជនដែលស្រឡាញ់វិស័យកីឡាជិះកង់ នឹងត្រូវបានបរិច្ចាគទាំងស្រុងជូនដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ នេះគឺជាឱកាសដ៏ល្អមួយសម្រាប់អ្នកទាំងអស់គ្នា ដើម្បីចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យនេះ ក្នុងការជួយសង្គ្រោះជីវិត និងផ្តល់ក្តីសង្ឃឹមដល់កុមារកម្ពុជា។ ការចូលរួមរបស់លោកអ្នក គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់លោក ទីវ តារារិទ្ធិ និងជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពរបស់កុមារកម្ពុជា​៕