ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ធ្វើបទបង្ហាញស្តីពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា–ថៃ ក្រោយបទឈប់បាញ់ដល់អនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា
03-09-2026 09:47
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពនៃសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា–ថៃ ដល់អនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ចំនួន ២២រូប។ បទបង្ហាញនេះបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ ដោយផ្តោតសំខាន់លើស្ថានភាពជាក់ស្តែងតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។
បទបង្ហាញនេះមានគោលបំណងផ្តល់ព័ត៌មានលម្អិត និងច្បាស់លាស់អំពីសភាពការណ៍នៅតាមព្រំដែនកម្ពុជា និងថៃ បន្ទាប់ពីយោធាថៃ បើកការឈ្លានពានមកលើទឹកដីកម្ពុជាទាំងពីរលើកកាលឆ្នាំ២០២៥ ដល់បណ្តាអនុព័ន្ធយោធាបរទេស ដើម្បីឱ្យអនុព័ន្ធយោធាបរទេស បានយល់ដឹងកាន់តែស៊ីជម្រៅអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខតាមបណ្តោយព្រំដែន។
កម្ពុជា សូមអំពាវនាវឱ្យភាគីថៃអនុវត្តសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព និងជាបន្ទាន់ ជាពិសេសតាមរយៈការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនរបស់គណៈកម្មការព្រំដែនចម្រុះ (JBC) ឱ្យបានឆាប់រហ័ស ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
កម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការស្វែងរកដំណោះស្រាយដោយយុត្តិធម៌ សន្តិវិធី និងស្ថិតស្ថេរជាអចិន្ត្រៃយ៍ចំពោះបញ្ហាព្រំដែន ដោយផ្អែកលើច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ។ ជាមួយគ្នានេះ កម្ពុជានឹងមិនទទួលយកការប្រើប្រាស់កម្លាំង ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (faits accomplis) ជាមធ្យោបាយសម្រាប់កំណត់ ឬផ្លាស់ប្តូរព្រំដែនរវាងប្រទេសទាំងពីរជាដាច់ខាត។
យោងតាមការរកឃើញរបស់ CMAC ផ្ទៃដីជាង ២,៧០០គីឡូម៉ែត្រក្រឡា បានរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម ដែលជាទំហំដ៏ធំធេងមួយក្នុងប្រវត្តិសាស្ត្រពិភពលោក។ សង្គ្រាមឈ្លានពាននេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ភូមិដ្ឋានជាង ៣៤០ភូមិ ប៉ះពាល់ផ្ទៃដីប្រមាណ ៤៤១,០០០ហិកតា និងប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៩១,០០០គ្រួសារ។
នៅក្នុងសង្គ្រាមថៃឈ្លានពានឆ្នាំ២០២៥ (២៤-២៨ កក្កដា និង ០៧-២៧ ធ្នូ ឆ្នាំ២០២៥) មកលើទឹកដីកម្ពុជា បានគំរាមកំហែងដោយផ្ទាល់ដល់ឃុំ សង្កាត់ចំនួន៦០ ភូមិចំនួន ៣៤៩ នៃខេត្តចំនួន៧ រួមមានខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង ដោយបានប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៦៤០ ០០០នាក់ បានជម្លៀសទៅកាន់តំបន់សុវត្ថិភាព។
សូមបញ្ជាក់ថា អង្គភាព CMAC បានបញ្ចប់ការស្រាវជ្រាវព័ត៌មានចំនួន ៣៣៥ភូមិ ក្នុងចំណោម ៣៤៩ភូមិ ដោយបានកំណត់តំបន់រងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមថៃ ជាង ៣៨៦.៨៨០ហិកតា គ្របដណ្តប់លើ ៥.៤០៩តំបន់ (Polygons) ក្នុងនោះផ្ទៃដីជាង ២៩៥.០៩៦ហិកតា រងការគំរាមកំហែងដោយសារគ្រាប់បែកចង្កោម។ សង្គ្រាមថៃឈ្លានពាននេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ភូមិដ្ឋាន ផ្ទះសម្បែង សាលារៀន និងជាពិសេស រមណីយដ្ឋានប្រាសាទ ដែលក្រុមស្រាវជ្រាវព័ត៌មានបានប្រមូល និងកំណត់នូវសក្ខីកម្មជាក់ស្តែងបានចំនួនជាង ១៦ ០០០សក្ខីកម្ម៕



















