FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តពោធិ៍សាត់ ទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូគណៈកម្មការទី៩ នៃព្រឹទ្ធសភា ក្នុងជំនួបពិភាក្សាការងារ ដើម្បីជំរុញការអភិវឌ្ឍ និងប្រសិទ្ធភាពការងារសាធារណៈ

03-09-2026 09:48

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្ត, លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានទទួលស្វាគមន៍ គណៈប្រតិភូគណៈកម្មការទី៩ នៃព្រឹទ្ធសភា ដឹកនាំដោយ លោក អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការ ក្នុងឱកាសអញ្ជើញបំពេញបេសកកម្ម ចុះស្វែងយល់អំពីវឌ្ឍនភាព ការអនុវត្តច្បាប់ និងបញ្ហាប្រឈមនានា ក្នុងការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋាន។

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណ និងសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់គណៈប្រតិភូព្រឹទ្ធសភា។ លោកអភិបាលខេត្តបានគូសបញ្ជាក់ពីសមិទ្ធផលផ្លែផ្កាសំខាន់ៗជាច្រើន ដែលខេត្តសម្រេចបាននាពេលកន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាល ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

សមិទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តពោធិ៍សាត់បានរាយការណ៍ជូនអង្គប្រជុំ រួមមាន៖

*ការអភិវឌ្ឍច្រាំងស្ទឹង ការរៀបចំទីតាំងរៀបរយជូនប្រជាពលរដ្ឋ យុទ្ធនាការដាំដើមឈើបានជាង១១ម៉ឺនដើម ការបំពាក់អំពូលសូឡាតាមដងផ្លូវសាធារណៈ ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង ដល់បាត់ដំបង និងការរៀបចំសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវ។

*ការរៀបចំប្លង់សង់សួនច្បារ «ទេពឧកញ៉ា ឃ្លាំង មឿង» និងការសាងសង់ «វិមានឈ្នះ-ឈ្នះ» នៅសង្កាត់លលកស ដើម្បីរំឭកគុណូបការៈបុព្វបុរស និងទាក់ទាញភ្ញៀវទេសចរ។

*គម្រោងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ-យកសាច់ (ទំហំ ១ពាន់ហិកតា) និងគម្រោងរោងចក្រផលិតអគ្គិសនីដើរដោយថាមពលជីវម៉ាស់ (50MW) ថាមពលពន្លឺព្រះអាទិត្យ (40MW) ព្រមទាំងរោងចក្រកែច្នៃផ្សេងៗរបស់ក្រុមហ៊ុន KPS (ទំហំ ៥ពាន់ហិកតា) នៅស្រុកវាលវែង។

*ខេត្តមានស្ថានីយផលិតអគ្គិសនីចំនួន ៦កន្លែង (វារីអគ្គិសនី ៣ និងថាមពលពន្លឺព្រះអាទិត្យ ៣) រោងចក្រធំៗចំនួន១១ មូលដ្ឋាន ប្រើប្រាស់ទុនវិនិយោគជាង ១៦៣លានដុល្លារ បង្កើតការងារជូនប្រជាពលរដ្ឋបានជាង ៦,០០០នាក់ និងសហគ្រាសធុនតូច/មធ្យមជិត ៣០០មូលដ្ឋាន។

*បានចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋបានជាង ៣៣ម៉ឺនប័ណ្ណទូទាំងខេត្ត និងការបន្តអនុវត្តចុះបញ្ជីដីធ្លីតំបន់ ១ និងតំបន់ ២ បឹងទន្លេសាប។

ជាការឆ្លើយតប លោក អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងការរៀបចំរបាយការណ៍យ៉ាងលម្អិតពីសំណាក់រដ្ឋបាលខេត្តពោធិ៍សាត់។ លោកបានបញ្ជាក់ថា បេសកកម្មនាពេលនេះ គឺដើម្បីពិនិត្យ និងតាមដានការអនុវត្តច្បាប់ ព្រមទាំងស្វែងយល់ពីស្ថានភាពជាក់ស្តែង នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងវិស័យជាសមត្ថកិច្ច របស់គណៈកម្មការ។

ជាមួយគ្នានេះ លោក អ៊ុំ សារឹទ្ធ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តពោធិ៍សាត់ ក្រោមការដឹកនាំរបស់ លោក ខូយ រីដា ដែលបានធ្វើឱ្យខេត្តមានការប្រែមុខមាត់យ៉ាងឆាប់រហ័ស ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមគួរឱ្យកត់សម្គាល់។

លោកប្រធានគណៈកម្មការ ក៏បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួនដល់រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ឱ្យបន្តពង្រឹងការអនុវត្តច្បាប់ កែលម្អការផ្តល់សេវាសាធារណៈឱ្យរឹតតែមានប្រសិទ្ធភាព និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជំនួបពិភាក្សាការងារនេះ បានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល និងទទួលបានផ្លែផ្កាខ្ពស់ ដោយគណៈប្រតិភូព្រឹទ្ធសភា បានកត់ត្រានូវរាល់សំណូមពរ និងបញ្ហាប្រឈមនានា ដើម្បីបូកសរុប និងនាំយកទៅរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា ក្នុងគោលដៅជួយគាំទ្រ និងជំរុញការអភិវឌ្ឍខេត្តពោធិ៍សាត់ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត នាពេលអនាគត៕