បច្ចុប្បន្នអ្នកប្រកបសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យទេសចរណ៍មានជាង៣.៤លាននាក់! រដ្ឋមន្ត្រី ហួត ហាក់ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជំនាញវិជ្ជាជីវៈ និងគុណភាពសេវាកម្មទេសចរណ៍
03-09-2026 09:45
(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «យុទ្ធនាការផ្សព្វផ្សាយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការពង្រឹងគុណភាពសេវាកម្មក្នុងវិស័យទេសចរណ៍» នៅខេត្តសៀមរាប ដោយមានការចូលរួមពីលោក ឌី រ៉ាដូ អភិបាលរងខេត្ត លោកបណ្ឌិត ឡី សុភាព សមាជិកគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូប។
ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងថា ក្នុងនីតិកាលកន្លងទៅ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រមុខរដ្ឋស្តីទី បានរក្សាបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អប្រសើរ ខណៈការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក៏មានការរីកចម្រើនជាបន្តបន្ទាប់។
លោកបានបន្តថា ការរក្សាបាននូវសុខដុមរមនាក្នុងសង្គមកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ដែលសម្តេចតេជោ ហ៊ុន សែន តែងតែចាត់ទុកថា «ជាមាសបៃតង»។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយបន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ ដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនឱកាសការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោល។
លោកបានបន្តថា វិស័យទេសចរណ៍ក៏បានជំរុញការនាំចេញនៅនឹងកន្លែង ទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើនចំណូលជាតិ និងចូលរួមដល់ការអភិរក្សវប្បធម៌ ព្រមទាំងថែរក្សា និងការពារបរិស្ថាន និងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
លោករដ្ឋមន្ត្រី ហួត ហាក់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបាន និងកំពុងដាក់ចេញនូវអត្ថប្រយោជន៍មួយចំនួន ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការដាក់ចេញនូវអត្ថប្រយោជន៍ទាំងនេះ គឺដោយរាជរដ្ឋាភិបាលបានយល់ដឹងពីការខិតខំប្រឹងប្រែង និងការតស៊ូរបស់ប្រជាពលរដ្ឋក្នុងការទប់ទល់នឹងវិបត្តិ។
លោកបណ្ឌិត ឡី សុភាព បានលើកឡើងថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល ចាប់ពីខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ មានចំនួនសរុប ៤៩៦,៨០៥នាក់។ អ្នកប្រកបសេដ្ឋកិច្ចក្រៅប្រព័ន្ធទូទាំងប្រទេសកម្ពុជាមានចំនួន ៦,២០០,០០០នាក់ ខណៈក្រុមការងារចុះមូលដ្ឋានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ មានចំនួន ៣៩,៥០០នាក់ និងមុខសញ្ញាដែលត្រូវកសាងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានចំនួន ៥,៧០៣,១៩៥នាក់។
លោកបណ្ឌិតបានបន្តថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍មានចំនួន ៣,៤១០,០០០នាក់ ខណៈក្រុមការងារចុះមូលដ្ឋានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍មានចំនួន ២,៥០០នាក់។ ចំពោះការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ទូទាំងប្រទេស មានចំនួន ២៣៣,៤៤០នាក់ និងមុខសញ្ញាដែលត្រូវកសាងមានចំនួន ៣,១៧៦,៥៦០នាក់។
លោកបណ្ឌិត ឡី សុភាព បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានបន្តដំណើរការដឹកនាំប្រទេសក្រោមម្លប់សន្តិភាព និងថែរក្សាសុខសន្តិភាព ស្ថិរភាពពេញលេញ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ព្រមទាំងជំរុញការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
ជាពិសេស រាជរដ្ឋាភិបាលបានដាក់ចេញ និងជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដោយបង្កលក្ខណៈឱ្យអ្នកប្រកបសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលទ្ធភាពចូលរួម និងទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ ព្រមទាំងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១.៥លាននាក់នៅទូទាំងប្រទេស។
លោក ឌី រ៉ាដូ បានលើកឡើងថា សម្រាប់ខេត្តសៀមរាប ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ គឺជាកិច្ចការអាទិភាពមួយ ពីព្រោះសៀមរាបមិនត្រឹមតែជាគោលដៅទេសចរណ៍ដ៏សំខាន់របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាគោលដៅដែលមានកេរដំណែលវប្បធម៌ និងប្រវត្តិសាស្ត្រល្បីល្បាញលើពិភពលោក។
លោកបានបន្តថា ដើម្បីរក្សា និងលើកកម្ពស់ភាពទាក់ទាញរបស់សៀមរាប ត្រូវបន្តអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ បង្កើនគុណភាពសេវាកម្ម ពង្រឹងជំនាញអ្នកបម្រើការងារ និងធានានូវអនាម័យ សុវត្ថិភាព តម្លៃសមរម្យ និងការទទួលភ្ញៀវប្រកបដោយភាពរួសរាយរាក់ទាក់។
ក្នុងឱកាសនោះ លោក ឌី រ៉ាដូ អំពាវនាវដល់ម្ចាស់អាជីវកម្មទេសចរណ៍ និងប្រជាពលរដ្ឋដែលប្រកបមុខរបរក្រៅប្រព័ន្ធទាំងអស់ ឱ្យចាត់ទុកគុណភាពសេវាកម្ម និងជំនាញវិជ្ជាជីវៈជាមូលដ្ឋានសម្រាប់ការរីកចម្រើននៃអាជីវកម្មរបស់ខ្លួន។ ព្រោះក្នុងវិស័យទេសចរណ៍ ការពេញចិត្តរបស់ភ្ញៀវ គឺជាកត្តាសំខាន់ដែលកំណត់កេរ្តិ៍ឈ្មោះ និងភាពប្រកួតប្រជែងរបស់គោលដៅទេសចរណ៍៕






























