FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីសុខាភិបាល កោតសរសើរថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យព្រះអង្គឌួង ទោះបីមានអ្នកជំងឺមកទទួលសេវាច្រើន ក៏នៅតែខិតខំរៀបចំការផ្តល់សេវាប្រកបដោយភាពសមរម្យ

02-09-2026 21:32

(ភ្នំពេញ)៖ ដោយមិនជូនដំណឹងជាមុន ក្នុងឱកាសចុះពិនិត្យការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសង្កេតមើលដោយផ្ទាល់ពីដំណើរការប្រចាំថ្ងៃ គុណភាពនៃការផ្តល់សេវា ការថែទាំអ្នកជំងឺ និងបានស្តាប់ពីស្ថានភាពជាក់ស្តែងរបស់បុគ្គលិកសុខាភិបាល និងអ្នកជំងឺ។

លោកសាស្ត្រាចារ្យក៏បានចូលរួមយោបល់ក្នុងវគ្គបណ្តុះបណ្តាល និងគូសបញ្ជាក់ពីសារៈសំខាន់នៃការសិក្សាអំពីវិធីសាស្ត្រស្រាវជ្រាវ និងការវិភាគទិន្នន័យ ដែលនឹងជួយឱ្យមន្ទីរពេទ្យស្វែងរកចំណុចខ្វះខាត កែលម្អគុណភាពព្យាបាល ធ្វើការសម្រេចចិត្តផ្អែកលើភស្តុតាង និងកំណត់ទិសដៅអភិវឌ្ឍន៍ឱ្យកាន់តែច្បាស់លាស់។

ក្នុងឱកាសនោះលោកសាស្ត្រាចារ្យបានថ្លែងថា ការស្រាវជ្រាវ និងការវិភាគទិន្នន័យ គឺជាគន្លឹះជួយឱ្យមន្ទីរពេទ្យកាន់តែរីកចម្រើន និងអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះលោកសាស្ត្រាចារ្យបានកោតសរសើរដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យ ដែលទោះបីមានអ្នកជំងឺមកទទួលសេវាច្រើន ក៏នៅតែខិតខំរៀបចំការផ្តល់សេវាប្រកបដោយភាពសមរម្យ កាត់បន្ថយពេលវេលារង់ចាំ និងបង្ហាញពីស្មារតីទទួលខុសត្រូវ និងឆន្ទៈក្នុងការបន្តអភិវឌ្ឍ៕