លោក ឈឿន ប៊ុនឆន អញ្ជេីញចូលរួមបើកវេទិកាសាធារណៈ ដោះស្រាយសំណូមពរប្រជាពលរដ្ឋនៅឃុំព្រៃកណ្តៀង ស្រុកពាមរក៏
02-09-2026 20:32
(ព្រៃវែង)៖ លោក ឈឿន ប៊ុនឆន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញសហជាអធិបតីក្នុងពិធីវេទិកាសាធារណៈ និងសំណេះសំណាលជួបជាមួយអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋក្នុងភូមិព្រៃខ្លា ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ដើម្បីបំណងពង្រឹងទំនាក់ទំនងរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ព្រមទាំងស្វែងយល់ពីតម្រូវការជាក់ស្ដែងរបស់មូលដ្ឋាន។
វេទិកានេះមានការចូលរួមយ៉ាងផុសផុលពីសំណាក់លោក កែវ ពិសី អភិបាលស្រុកពាមរក៍ រួមជាមួយលោកប្រធាន-អនុប្រធានក្រុមការងារចុះជួយភូមិទាំង៧ លោក-លោកស្រីប្រធានការិយាល័យជុំវិញស្រុក លោកប្រធានក្រុមប្រឹក្សាឃុំ លោកលោកស្រីសមាជិកក្រុមប្រឹក្សាឃុំ លោកប្រធានមណ្ឌលសុខភាពឃុំ និងលោកនាយកសាលាទាំងប្រាំបីទូទាំងឃុំព្រៃកណ្ដៀង។ ការចូលរួមដ៏ច្រើនកុះករនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសដ៏សំខាន់នេះ លោកប្រធានក្រុមការងារ ឈឿន ប៊ុនឆន បានដោះស្រាយរាល់សំណូមពរដែលជាតម្រូវការចាំបាច់មួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយធ្វើការដោះស្រាយតាមដំណាក់កាលនីមួយៗជាអាទិភាព។
ជាមួយគ្នានេះ លោកក៏បានបញ្ចុះគ្រឿងចក្រ និងថវិកាផ្ទាល់ខ្លួនមួយចំនួន ដើម្បីស្ដារកាយប្រឡាយទឹក និងស្ថាបនាជួសជុលផ្លូវលំដែលរងការខូចខាតជាច្រើនខ្សែផងដែរ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាព និងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន៕














