FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន ប្រមាណ១៤៨០នាក់ នៅស្រុកបាទី ខេត្តតាកែវ

02-09-2026 17:57

(តាកែវ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តតាកែវ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល ជាមួយអតីតយុទ្ធជន និងនិវត្តជន នៅស្រុកបាទី ខេត្តតាកែវ ដោយ​មានការចូលរួមពីអតីតយុទ្ធជន និងនិវត្តជន សរុបប្រមាណ១,៤៨០នាក់។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះអតីតយុទ្ធជន និងនិវត្តជន នៅស្រុកបាទី ជារួម។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរៀមច្បង និងពូមីងអតីតយុទ្ធជន និងនិវត្តជនទាំងអស់ ដែលបានកសាង និងពូនជ្រុំបន្សល់ទុក នូវមូលដ្ឋានគ្រឹះដ៏រឹងមាំលើគ្រប់វិស័យ និងបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្ត ក្នុងការបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិមាតុភូមិ។

បន្ថែមលើនេះ លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសយើង រួមទាំងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សាលារៀន មន្ទីរពេទ្យ និងស្ពាន ថ្នល់គ្រប់ទីកន្លែង ដែលបានជួយសម្រួលការធ្វើដំណើរនិងការប្រកបរបររកស៊ីផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

លើសពីនេះ លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនអង្គពិធីអំពីសមិទ្ធផល ក៏ដូចជាវឌ្ឍនភាពការងាររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនា​គមន៍ ជាពិសេសការលើកកម្ពស់គុណភាព សេវាទូរគមនាគមន៍ ព្រមទាំងការពន្លឿនការចាប់យកបច្ចេកវិទ្យាឌីជីថល ដោយបានសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការចាប់យកបច្ចេកវិទ្យា សម្រាប់ប្រើប្រាស់នៅក្នុងសហគមន៍ និងពង្រីកការទទួលបាន ការអប់រំស្រាវជ្រាវ តាមអ៉ីនធឺណិតរបស់សិស្សានុសិស្ស ឱ្យកាន់តែទូលំទូលាយ រហូតទទួលបានលទ្ធផលជាផ្លែផ្កាដូចសព្វថ្ងៃ។

មុននឹងបញ្ចប់ លោករដ្ឋមន្រ្តី បានជម្រាបជូនលោកយាយ លោកតា អ៊ុំ ពូ មីង ដែលជាអតីតយុទ្ធជន និងនិវត្តជន អំពីអត្ថប្រយោជន៍ផ្សេងៗ ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតនិងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន ដែលតែងតែគិតគូរ រួមមានការផ្តល់ជូនដីសម្បទានសង្គមកិច្ច សេវាសុខាភិបាល ការជួយសាងសង់លំនៅដ្ឋាន ប្រាក់ឧបត្ថម្ភ និងប្រាក់សោធននិវត្តន៍ជាទៀងទាត់ ព្រមទាំងបានសំណូមពរឱ្យអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ចំពោះនិវត្តជន និងអតីតយុទ្ធជន ព្រមទាំងគ្រួសារកងទ័ពពលី និងសូមឱ្យលោកយា លោកតា អ៊ុ ពូ មីង ត្រូវផ្តល់ចំណេះដឹងបទពិសោធការងារដល់យុវជនជំនាន់ក្រោយ៕