FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី ថោង ខុន ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាង «វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឆ្នាំ២០២៦-២០២៨»

02-09-2026 17:26

(ភ្នំពេញ)៖ លោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំដើម្បីឆ្លងសេចក្តីព្រាង «វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដំណាក់កាលទី២ (២០២៦-២០២៨)»ដោយមានការចូលរួមពីលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក ជា បូរ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រួមទាំងមានតំណាងមកពីក្រសួងទេសចរណ៍ លោក លោកស្រី ជាអនុប្រធាន សមាជិក គ.អ.ទ.ស. និងតំណាងក្រសួង-ស្ថាប័ន រដ្ឋបាលខេត្តពាក់ព័ន្ធ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យសេចក្តីព្រាងឯកសារវិធានការគន្លឹះដំណាក់កាលទី២ ដែលជាត្រីវិស័យថ្មីមួយដ៏មានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខ និងជំរុញកំណើនទេសចរណ៍ខេត្តសៀមរាបឱ្យងើបឡើងវិញប្រកបដោយភាពធន់ និងចីរភាព។

លោកទេសរដ្ឋមន្ត្រី ថោង ខុន បានគូសបញ្ជាក់ថា ឯកសារនេះត្រូវបានចងក្រងឡើងយ៉ាងយកចិត្តទុកដាក់បំផុត ស្របតាមការចង្អុលបង្ហាញ និងចក្ខុវិស័យដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជានិច្ចកាលសម្តេចបវរធិបតី តែងតែយកចិត្តទុកដាក់ខ្ពស់លើការស្តារ និងអភិវឌ្ឍវិស័យទេសចរណ៍ ដោយចាត់ទុកខេត្តសៀមរាបជាអាទិភាពចម្បង ដើម្បីប្រែក្លាយទៅជាគោលដៅទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ទាក់ទាញ បង្កើនតម្លៃបន្ថែម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។

វិធានការគន្លឹះថ្មីនេះ គឺជាកិច្ចអន្តរាគមន៍បន្ទាន់មួយដែលត្រូវអនុវត្តដោយឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងទស្សនវិជ្ជាសហថាមភាព «តំបន់អង្គរជាមេដែកឆក់ស្រូបទាញ រីឯតំបន់ជុំវិញ និងខេត្តតភ្ជាប់ ជាកម្លាំងគាំទ្រ»

សេចក្តីព្រាងវិធានការគន្លឹះបានដាក់ចេញនូវយុទ្ធសាស្ត្រតម្រង់ទិស និងគោលដៅយុទ្ធសាស្រ្តចំនួន ៤សំខាន់ៗរួមមាន៖

១៖ ការយល់ដឹងជាសកល៖ ការផ្សព្វផ្សាយឱ្យស្គាល់ និងទាក់ទាញទេសចរណ៍ តាមរយៈការស្តារ និងកសាងទំនុកចិត្តឡើងវិញ (Build Trust & Confidence) ដើម្បីផ្លាស់ប្តូររូបភាពកម្ពុជានៅលើឆាកអន្តរជាតិ, ការពង្រឹងទីផ្សារដែលមានស្រាប់ និងពង្រីកទីផ្សារថ្មីៗ ដូចជាទីផ្សារឥណ្ឌា ពិសេសការទាក់ទាញភ្ញៀវក្នុងរដូវកាលបៃតង។

២៖ ការបង្កលក្ខណៈងាយស្រួលក្នុងការរៀបចំដំណើរកម្សាន្ត ការកក់ទុកមុន ការលើកទឹកចិត្តផ្នែកអាកាសចរណ៍ ដើម្បីទាក់ទាញជើងហោះហើរត្រង់ថ្មីៗ និងបន្តជំរុញការដោះស្រាយរបាំងធ្វើដំណើរមិនចាំបាច់។

៣៖ ការផ្តល់ជូនដ៏សម្បូរបែប៖ សម្រួលដល់ដំណើរកម្សាន្តប្រកបដោយភាពកក់ក្តៅ និងការធ្វើពិពិធកម្មផលិតផលទេសចរណ៍នៅក្នុងតំបន់អាទិភាពទាំង៦នៃខេត្តសៀមរាប មានដូចជា ការជំរុញសកម្មភាពទេសចរណ៍ពេលរាត្រី ទេសចរណ៍ MICE ព្រឹត្តិការណ៍កីឡាទេសចរណ៍ កសិទេសចរណ៍ ទេសចរណ៍ជនបទ/សហគមន៍ ។

៤៖ អនុស្សាវរីយ៍ដ៏គួរឱ្យចងចាំ៖ ការធានានូវដំណើរវិលត្រឡប់ទៅវិញប្រកបដោយការចងចាំល្អ តាមរយៈការផ្តល់បទពិសោធន៍ដ៏ល្អឥតខ្ចោះ សេវាប្រកបដោយគុណភាព សុវត្ថិភាព អនាម័យ បដិសណ្ឋារកិច្ចល្អ និងយុទ្ធនាការគោលដៅទេសចរណ៍ស្អាត និងបៃតង ដើម្បីប្រែក្លាយភ្ញៀវទេសចរឱ្យទៅជាអ្នកជួយផ្សព្វផ្សាយរបស់កម្ពុជា។

អង្គប្រជុំបានធ្វើការពិភាក្សា ផ្តល់យោបល់ និងធាតុចូលយ៉ាងផុលផុស និងបានឯកភាពគ្នាធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដើម្បីស្តារ និងកសាងទំនុកចិត្ត (Build Trust & Confidence) កសាងកេរ្តិ៍ឈ្មោះឡើងវិញ និងផ្លាស់ប្តូររូបភាពរបស់កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព និងផ្តល់ភាពកក់ក្តៅ (Safe and Warm Tourist Destination) ដែលជាលទ្ធផលដ៏ល្អបន្ទាប់ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ដែលបានដាក់ចេញនូវយុទ្ធនាការ​បោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (Online Scams)។ អង្គប្រជុំក៏បានឯកភាពគ្នាលើការបន្តជំរុញអភិវឌ្ឍសមត្ថភាពមូលធនមនុស្សលើជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ចទេសចរណ៍។

ជាលទ្ធផលអង្គប្រជុំ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន គ.អ.ទ.ស. និងបានគាំទ្រទាំងស្រុងលើសេចក្តីពា្រង “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដំណាក់កាលទី២ (២០២៦-២០២៨) ហើយលេខាធិការដ្ឋាន គ.អ.ទ.ស. នឹងរៀបចំកែសម្រួលឯកសារចុងក្រោយ ដោយបញ្ចូលធាតុចូលមួយចំនួនពីក្រសួងស្ថាប័នពាក់ព័ន្ធ និងគោរពដាក់ជូន សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី មេត្តាពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ នាពេលដ៏ខ្លីខាងមុខ។

អង្គប្រជុំរំពឹងយ៉ាងមុតមាំថា ការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការគន្លឹះនេះ នឹងអាចស្រូបទាញភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តសៀមរាបឱ្យបានប្រមាណ ២លាននាក់ និងភ្ញៀវទេសចរជាតិឱ្យបានប្រមាណ ៣លាននាក់ នៅឆ្នាំ២០២៨។

គួរបញ្ជាក់ថា វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដំណាក់កាលទី២ (២០២៦-២០២៨) ត្រូវបានទាញយកមូលដ្ឋានគ្រឹះពីវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរឆ្នាំ២០២៥ និងខ្លឹមសារនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥៕