ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ចុះសួរសុខទុក្ខ និងឧបត្ថម្ភកងទ័ពជួរមុខនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
02-09-2026 17:24
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ ពិនិត្យស្ថានភាពជាក់ស្តែង និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាឧបត្ថម្ភ ប្រគល់ជូនកងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ដំណើរចុះជួបដោយផ្ទាល់នេះ គឺជាការបង្ហាញពីទឹកចិត្តយកចិត្តទុកដាក់របស់មេបញ្ជាការ ចំពោះកូនចៅដែលកំពុងលះបង់កម្លាំងកាយចិត្ត ដើម្បីការពារជាតិ និងបូរណភាពទឹកដី។
ក្នុងឱកាសនោះ លោកមេបញ្ជាការបានសម្តែងការកោតសរសើរចំពោះស្មារតីស្នេហាជាតិ ភាពអត់ធ្មត់ ការលះបង់ និងវិន័យរបស់កងទ័ព ព្រមទាំងក្រើនរំលឹកឱ្យបន្តគោរពបទបញ្ជា រក្សាសាមគ្គីភាព បង្កើនការប្រុងប្រយ័ត្ន និងត្រៀមខ្លួនជានិច្ចក្នុងការអនុវត្តភារកិច្ចដែលថ្នាក់លើប្រគល់ជូន។
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក៏បានក្រើនរំលឹកដល់កងទ័ពទាំងអស់ដាច់ខាតមិនត្រូវផឹកស្រា ឬប្រើប្រាស់គ្រឿងស្រវឹងក្នុងពេលបំពេញភារកិច្ចឡើយ ព្រោះនៅជួរមុខ វិន័យ និងការប្រុងប្រយ័ត្ន គឺជាកត្តាសំខាន់បំផុត។
លើសពីនេះ កងទ័ពគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវស្មារតីស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរពរដ្ឋធម្មនុញ្ញ និងបទបញ្ជារបស់ថ្នាក់លើ ព្រមទាំងបន្តបំពេញតួនាទីរបស់ខ្លួនដោយស្មោះត្រង់ មិនរួញរា និងមានការទទួលខុសត្រូវ។
រាល់ការចាប់ដៃ ការសួរសុខទុក្ខ អំណោយ និងថវិកាឧបត្ថម្ភ គឺជាកម្លាំងចិត្តដ៏មានតម្លៃ ដែលបញ្ជាក់ថា កងទ័ពជួរមុខមិនដែលឈរតែម្នាក់ឯងឡើយ ព្រោះនៅពីក្រោយពួកគេ មានមេបញ្ជាការ អង្គភាព និងបងប្អូនរួមអាវុធ ដែលតែងតែយកចិត្តទុកដាក់ និងជាបង្អែកគ្រប់ពេលវេលា។ កងពលតូចដឹកជញ្ជូនលេខ៩៩ ប្តេជ្ញាគោរពបទបញ្ជា រក្សាវិន័យ ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងបំពេញភារកិច្ចដោយមិនរាថយ៕



































