FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី ហែម វណ្ណឌី​ លើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា (Video inside)

02-09-2026 17:04

(ភ្នំពេញ)៖ លោក ហែម វណ្ណឌី​ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យម្ចាស់អាជីវកម្មក្នុងវិស័យសាឡន បន្តខិតខំពង្រឹងសមត្ថភាព ជំនាញ និងគុណភាពសេវាកម្ម ព្រមទាំងយកចិត្តទុកដាក់ប្រើប្រាស់ផលិតផលដែលផលិតក្នុងស្រុកឱ្យអស់លទ្ធភាព ដើម្បីចូលរួមលើកកម្ពស់ផលិតកម្មក្នុងស្រុក។ វិស័យសាឡន និងសម្អាងការ គឺជាវិស័យមួយដែលមានសក្តានុពលខ្ពស់ និងអាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច។

ការជំរុញបែបនេះរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានធ្វើឡើងក្នុងពិធី​ «វេទិកាអ្នកប្រកបអាជីវកម្មវិស័យសាឡននៅកម្ពុជា ឆ្នាំ២០២៦»​ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២២៦នេះ ដែលរៀបចំដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរសាឡន។ វេទិកានេះមិនត្រឹមតែជាឱកាសសម្រាប់ការជួបជុំ ការផ្លាស់ប្តូរបទពិសោធន៍ និងការពង្រីកបណ្ដាញទំនាក់ទំនងអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើន ភាពធន់ និងសមិទ្ធផលរួមរបស់អ្នកប្រកបអាជីវកម្មក្នុងវិស័យសាឡននៅកម្ពុជា។

លោករដ្ឋមន្រ្តី ហែម វណ្ណឌី ក៏សង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងសុវត្ថិភាពក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្ម ដើម្បីធានាគុណភាព និងបង្កើនទំនុកចិត្តរបស់អតិថិជន ដែលជាកត្តាសំខាន់សម្រាប់ការរីកចម្រើនប្រកបដោយចីរភាពរបស់វិស័យសាឡននៅកម្ពុជា។ តាមរយៈការគាំទ្រផលិតផលក្នុងស្រុក មិនត្រឹមតែជួយបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយការពឹងផ្អែកលើផលិតផលនាំចូល និងជំរុញកំណើនឧស្សាហកម្មក្នុងស្រុកផងដែរ។

លោករដ្ឋមន្រ្តី ហែម វណ្ណឌី បានថ្លែងថា អ្នករកស៉ីបោះដុំទំនិញមកពីក្រៅស្រុក និងអ្នកចែកចាយទំនិញ មានតួនាទីសំខាន់ខ្លាំងណាស់ ដើម្បីធានាថាទំនិញទាំងអស់មានគុណភាព​ មិនប៉ះពាល់ដល់សុខភាព អ៊ឹចឹងបានយើងលើកទឹកចិត្តឱ្យមានការធ្វើពិសោធន៍លើផលិតផលឱ្យបានត្រឹមត្រូវ ហើយសុំប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើន។ ពីព្រោះបច្ចុប្បន្ននេះ កម្ពុជា មានសមត្ថភាពកាន់តែខ្លាំងដើម្បីផលិតនូវទំនិញ និងសម្ភារៈចម្រុះសម្រាប់ប្រើប្រាស់នៅក្នុងស្រុក។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានឱ្យដឹងថា៖ «មានផលិតផលខ្លះល្អណាស់ ហើយជាប់លេខទៅទៀតសូម្បីផ្នែកសាប៊ូ ផ្នែកឡេ ក៏ខ្មែរយើងធ្វើបានដែរ ដោយមានគុណភាព​ អ្នកខ្លះយកសូត្រ ដែលមានសារធាតុល្អផ្នែកស្បែក​យកមកកែច្នៃ ជាគ្រឿងសម្អាង អ៊ឹចឹងនាំគ្នាអភិវឌ្ឍន៍ទៅ ពីព្រោះនៅកូរ៉េ​ និងអឺរ៉ុប វិស័យសម្អាងហ្នឹងធំណាស់ ដែលជាឧស្សាហកម្មមួយដ៏ធំ។ ដូច្នេះ យើងនៅថ្ងៃក្រោយក៏អាចធ្វើបានដែរ នៅពេលដែលយើងចាប់ផ្តើម ដោយផ្តោតលើគុណភាព ស្តង់ដា បើយើងមិនចាប់ផ្តើមពីស្តង់ដា និងគុណភាពទេ យើងមិនអាចប្រែទៅជាឧស្សាហកម្មធំបាននោះទេ»

លោករដ្ឋមន្រ្តី ហែម វណ្ណឌី ក៏បានលើកទឹកចិត្តឱ្យកាត់បន្ថយការនាំចេញ និងពង្រីកការស្រាវជ្រាវផ្នែកគ្រឿងសម្អាង ដើម្បីជំរុញឱ្យវិស័យមួយនេះកាន់តែមានភាពរីកចម្រើន ខណៈរាជក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានត្រៀមខ្លួនរួមជាស្រេច ដើម្បីជួយដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងម្ចាស់ឧស្សាហកម្មជាដើម។

លោករដ្ឋមន្រ្តី ហែម វណ្ណឌី បានបន្ថែមថា បច្ចុប្បន្ននេះ ចំពោះផ្នែកស្រាវជ្រាវលើគ្រឿងសម្អាង គឺជារឿងថ្មីមួយសម្រាប់កម្ពុជា ប៉ុន្តែ ក្រសួង ស្ថាប័នពាក់ព័ន្ធបានខិតខំ ដោយបានបង្កើតនូវយន្តការសម្រាប់​មូលនិធិស្រាវជ្រាវ និងមានវិទ្យាស្ថាន​ ខណៈនៅតាមសាកលវិទ្យាល័យមួយចំនួន ដូចជាសាកលវិទ្យាល័យ AUPP និងមជ្ឈមណ្ឌលសូត្រ បានយកវត្ថុធាតុដើម ដើម្បីធ្វើការស្រាវជ្រាវ និងកែច្នៃ។ ដូច្នេះ សូមអ្នកប្រើប្រាស់ទាំងអស់ រួមគាំទ្រផលិតផលនោក្នុងស្រុកឱ្យបានផុសផុល។

រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់វិស័យផលិតកម្មក្នុងស្រុក ដោយបានដាក់ចេញនូវគោលនយោបាយ និងយន្តការគាំទ្រជាច្រើន ដើម្បីលើកទឹកចិត្តដល់សហគ្រាសខ្នាតតូច និងមធ្យម ព្រមទាំងកសិករឱ្យបង្កើនសមត្ថភាពផលិត និងធានាគុណភាពផលិតផលរបស់ខ្លួន។ ការប្រើប្រាស់ផលិតផលក្នុងស្រុក គឺជាការបង្ហាញពីស្មារតីស្នេហាជាតិ និងការចូលរួមចំណែកដោយផ្ទាល់ក្នុងការកសាងសេដ្ឋកិច្ចជាតិឱ្យមាននិរន្តរភាព៕