FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លុយជាង៣០០លានដុល្លារ ត្រូវបានបង្កក ពាក់ព័ន្ធបង្ក្រាប Online Scams ចាប់ពីខែកក្កដា ២០២៥ ដល់ខែសីហា ២០២៦

02-09-2026 16:57

(ភ្នំពេញ)៖ លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) នៅថ្ងៃទី២ ខែកញ្ញា ២០២៦ បានចេញផ្សាយរបាយការណ៍បូកសរុបលទ្ធផលប្រតិបត្តិការ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដោយបង្ហាញពីលទ្ធផលនៃការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។

ក្នុងប្រតិបត្តិការរយៈពេលជាង ១ឆ្នាំនេះ សមត្ថកិច្ចកម្ពុជាបានបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយក្នុងនោះថវិកាជាង ៣០០លានដុល្លារអាមេរិក ក្នុងគណនីធនាគារត្រូវបានបង្កក រួមទាំងទ្រព្យសម្បត្តិពាក់ព័ន្ធផ្សេងទៀតដែលកំពុងបន្តនីតិវិធីបង្កក និងធ្វើការវាយតម្លៃជាបន្តបន្ទាប់។ នេះបានសបញ្ជាក់ការអនុវត្តច្បាប់ដោយភាពម៉ឺងម៉ាត់ ជាមួយវិធានការផ្លូវច្បាប់ ដើម្បីកាត់ផ្តាច់លំហូហិរញ្ញវត្ថុ​ និងផលនៃបទល្មើសរបស់បណ្តាញឧក្រិដ្ឋជនរបស់ឧក្រិដ្ឋជន។

ជាមួយគ្នានេះ ដំណើរការនីតិវិធីតុលាការកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម ដើម្បីផ្តន្ទាទោសជនល្មើសទៅតាមផ្លូវច្បាប់ជាធរមាន។ សមត្ថកិច្ចបានកសាង និងបញ្ជូនសំណុំរឿងចំនួន ៤៤៦ករណី ទៅកាន់តុលាការ ដែលពាក់ព័ន្ធនឹងជនត្រូវចោទចំនួន ៣,៩២៧នាក់ រួមមានទាំងមេខ្លោង និងគូកន មកពី ២៩សញ្ជាតិ។

ទន្ទឹមគ្នានឹងការអនុវត្តនីតិវិធីផ្តន្ទាទោសចំពោះឧក្រិដ្ឋជន សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រីអាជ្ញាធរដែលរកឃើញថាមានការជាប់ពាក់ព័ន្ធផងដែរ។ ក្នុងនោះ មានសំណុំរឿងចំនួន ៤ករណី ពាក់ព័ន្ធនឹងជនសង្ស័យ ១៥នាក់ ត្រូវបានចាត់វិធានការ រួមមាន៖ ព្រះរាជអាជ្ញារង, អគ្គនាយករងអន្តោប្រវេសន៍, ស្នងការរងនគរបាលរាជធានីភ្នំពេញ, អតីតអគ្គនាយកនៃក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត។

យោងតាមរបាយការណ៍នេះ កងកម្លាំងសមត្ថកិច្ចជំនាញ បានអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល និងបានបើកប្រតិបត្តិការស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងសង្ស័យសរុប ៨៣២ ទីតាំង ដោយក្នុងនោះបានឈានទៅបើកប្រតិបត្តិការបង្ក្រាបបានចំនួន ៦៦៣ ទីតាំង។ ក្នុងនោះដែរ កម្លាំងសមត្ថកិច្ចបានបង្ក្រាប និងគ្រប់គ្រងមណ្ឌលឆបោក (Scam Compounds) ធំៗចំនួន ៨៦ ទីតាំង ដែលអាជ្ញាធរមានសមត្ថកិច្ចកំពុងអនុវត្តនីតិវិធីដើម្បីឈានទៅរឹបអូសតាមច្បាប់ជាធរមាន។

លេខាធិការដ្ឋាន គ.ប.ឆ.ប. បានគូសបញ្ជាក់ថា «បច្ចុប្បន្ននេះ គ្មានទៀតទេទីតាំងបទល្មើសឆបោកទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា»។ ទោះបីជាសកម្មភាពឆបោកមួយចំនួននៅតែបន្តកើតមាន ប៉ុន្តែវាបានផ្លាស់ប្តូររូបភាពទៅជាប្រតិបត្តិការតូចៗ ដែលលួចលាក់ ផ្សងព្រេង ដើម្បីធ្វើសកម្មភាពតាមបន្ទប់ជួល ផ្ទះសំណាក់ ខុនដូ តាមផ្ទះ តាមរថយន្ត ឬហាងកាហ្វេជាដើម។ តាមលេខាធិការដ្ឋាន គ.ប.ឆ.ប. ជាមួយការវិវត្តនេះ ចាំបាច់ទាមទារឱ្យមាន កិច្ចសហការ និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ក្នុងការតាមដាន និងផ្តល់ព័ត៌មានអំពីទីតាំងសង្ស័យនានា ដើម្បីឱ្យសមត្ថកិច្ចអាចចាត់វិធានការបង្ក្រាបបានទាន់ពេលវេលា។

តាមរបាយការណ៍ដដែល ក្នុងប្រតិបត្តិការបោសសម្អាតនេះ សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាសង្ស័យសរុបជិត ៣០,០០០នាក់ ដែលមាន ៣៩ សញ្ជាតិ។ អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះ និងអនុវត្តនីតិវិធីធ្វើមាតុភូមិនិវត្តន៍ជនបរទេសបានចំនួនជាង ២២,០០០នាក់ មកពី ៣៨សញ្ជាតិ។

ជាមួយគ្នានេះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់លើកាស៊ីណូចំនួន២៧ ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយក្នុងនោះបានដកហូតអាជ្ញាបណ្ណចំនួន ១៨កាស៊ីណូ និងព្យួរអាជ្ញាបណ្ណចំនួន ៩កាស៊ីណូ។ ជាងនេះ សមត្ថកិច្ចកំពុងបន្តត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ ដើម្បីចាត់វិធានការតាមច្បាប់ចំពោះកាស៊ីណូណាដែលប្រព្រឹត្តសកម្មភាពល្បែងស៊ីសង ឬភ្នាល់តាមអនឡាញ (Online Gambling / Online Sports Betting) ដោយខុសច្បាប់។

ទាំងនេះជាលទ្ធផលនៃប្រតិបត្តិការអនុវត្តច្បាប់នៅលើដីជាក់ស្តែង ដែលសម្រេចបានក្នុងក្របខណ្ឌនៃយុទ្ធនាការជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ទន្ទឹមនឹងនេះ កិច្ចខិតខំរបស់រាជរដ្ឋាភិបាលនៅតែបន្ត ដោយអាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ បង្ក្រាប និងរៀបចំនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីលុបបំបាត់បទល្មើសនេះឱ្យអស់ពីកម្ពុជា។

ជាមួយគ្នានេះ អាជ្ញាធរកម្ពុជាសូមស្វាគមន៍ និងអំពាវនាវជាថ្មីដល់សាធារណជន និងភាគីទាំងអស់ឱ្យចូលរួមផ្តល់ព័ត៌មាន ឬតម្រុយអំពីទីតាំងសង្ស័យនានា ដើម្បីឱ្យសមត្ថកិច្ចអាចចាត់វិធានការឆ្លើយតបបានឆាប់រហ័ស និងមានកិច្ចសហការគ្នាល្អ៕