នគរបាលអន្តោប្រវេសន៍ម្នាក់ ដែលស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ ត្រូវបញ្ចប់តំណែង បកស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ

02-09-2026 16:42

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចបណ្តេញចេញ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់ ក្រោយស្រវឹង ហើយបានបង្កគ្រោះថ្នាក់ចរាចរណ៍។

លោកវរសេនីយ៍ត្រី ស៊ិន រ៉ាយូ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិន (ព្រំដែនក្នុងខេត្តតាកែវ) នៃនាយកដ្ឋានច្រកទ្វារទី២ ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបានឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែង ដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។

លោកវរសេនីយ៍ត្រី ស៊ិន រ៉ាយូ ជាកូនប្រុសប្រធានពន្ធនាគារខេត្តមួយ។ មន្រ្តីនគរបាលរូបនេះ បានបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយស្ថានភាពស្រវឹង​ កាលពីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​លេខ៥៨P សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ។

នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ លោក ស៊ិន រ៉ាយូ បានបើក​រថយន្ត​មួយគ្រឿង​ម៉ាក​ RANGE ROVER ពាក់​ផ្លាកលេខ​ ភ្នំពេញ​ 2BT-1698 ក្នុង​ល្បឿន​លឿន និងស្រវឹង រួច​ជ្រុល​ទៅ​បុកពីក្រោយពេញទំហឹង​រថយន្ត​មួយគ្រឿងម៉ាក​ BYD ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2BR-9148 ដែលកំពុង​ឈប់​ចាំ​រថយន្ត​ធន់​ធំ​កំពុង​បត់​ចេញ​ពី​ឃ្លាំង​ រួច​រុញ​រថយន្ត​ទៅបុកម៉ូតូ​មួយគ្រឿង​ទៀត​ BEAT មួយគ្រឿងទៀត។

នេះជាចំណាត់ការរបស់ប្រមុខក្រសួងមហាផ្ទៃ ដែលលោកបានប្រកាសដាក់គោលការណ៍នេះ កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំដោយបានកំណត់ថា «រាល់មន្ដ្រីចំណុះក្រសួងមហាផ្ទៃទាំង៣ ប្រភេទដែលមាន រដ្ឋបាលស៉ីវិល នគរបាលជាតិ និងមន្ដ្រីពន្ធនាគារ ដែលផឹកស៉ីស្រវឹងហើយបង្កគ្រោះថ្នាក់ចរាចរណ៍ ឬបង្កភាពអសីលធម៌នៅក្នុងសង្គម ដោយមិនទាន់បូកបញ្ចូលការទទួលខុសត្រូវផ្សេងៗទៀតនោះទេ នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ»

សម្រាប់លោកវរសេនីយ៍ត្រី ស៊ិន រ៉ាយូ ជាមន្រ្តីទី១ ដែលទទួលរងការអនុវត្តទណ្ឌកម្មរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕