ក្រសួងការងារ ចេញសេចក្តីជូនដំណឹងស្តីពីការស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ២០២៧
02-09-2026 16:41
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ២០២៧។ នេះបើយោងតាមសេចក្ដីជូនដំណឹងដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន។
ក្រសួងការងារបានបញ្ជាក់ថា ដើម្បីអាចប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ ឆ្នាំ២០២៧ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្មបរទេស (The Foreign Workers Centralized Management System – FWCMS) តាមរយៈគេហទំព័រ https://fwcms.mlvt.gov.kh/។
ចំពោះសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលបើកដំណើរការក្រោយកាលបរិច្ឆេទនេះ ហើយមានតម្រូវការប្រើប្រាស់ហត្ថពលកម្ម បរទេសអាចស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេសភ្លាមៗ បន្ទាប់ពីសហគ្រាស ក្រុមហ៊ុន រោងចក្រនោះមានដំណើរការ។
បន្ថែមពីលើនេះ ដើម្បីឱ្យមានបញ្ជីឈ្មោះកម្មករនិយោជិតបរទេសដោយស្វ័យប្រវត្តិក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ កម្លាំងពលកម្មបរទេស (FWCMS) ក្រសួងសូមក្រើនរំលឹកដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវធ្វើ ការតភ្ជាប់ប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមពាក់ព័ន្ធវិស័យការងារ (LACMS) និងប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្មបរទេស (FWCMS) សូមស្កេន QR Code ខាងក្រោមដើម្បីទាញយកឯកសារ “របៀបតភ្ជាប់ប្រព័ន្ធ LACMS និង FWCMS របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ”។
ក្រសួងសូមបញ្ជាក់ថា ជនបរទេសដែលចូលមកស្នាក់នៅនិងប្រកបមុខរបរ ឬធ្វើការនៅព្រះរាជាណាចក្រកម្ពុជា ត្រូវស្នើសុំបណ្ណការងារនិងសៀវភៅការងារជនបរទេសតាមរយៈប្រព័ន្ធFWCMS ក្នុងរយៈពេល ៩០ថ្ងៃយ៉ាងយូរ គិតចាប់ពី កាលបរិច្ឆេទដំបូងដែលបានចូលមកព្រះរាជាណាចក្រកម្ពុជា។
ក្នុងករណីម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រដែលប្រើប្រាស់ហត្ថពលកម្មបរទេសមិនបានស្នើសុំ ការអនុញ្ញាត់ប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ២០២៧ ឬជនបរទេសមិនបានស្នើសុំបណ្ណការងារនិងសៀវភៅ ការងារជនបរទេសតាមកាលបរិច្ឆេទកំណត់ខាងលើ ត្រូវរងការផាកពិន័យជាប្រាក់ និងចំណាត់ការពីអធិការការងារ ស្របតាមច្បាប់ជាធរមាន៕


