សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ច័ន្ទ សារុន
02-09-2026 16:18
(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពលោក ច័ន្ទ សារុន ដែលកំពុងតម្កល់រៀបចំពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅគេហដ្ឋានក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ នីតិកាលទី៧នៃរដ្ឋសភា និងជាអតីត រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលមរណភាពកាលពីថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ។
លោក ច័ន្ទ សារុន ជាសេនាធិការដ៏ចំណានមួយរូបរបស់រាជរដ្ឋាភិបាល ក្នុងពេលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាពិសេសលើការងារក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សម្តេចតេជោ ហ៊ុន សែន និងលោក ច័ន្ទ សារុន មានអនុស្សាវរីយ៍ជាច្រើនលើការងារជួយដល់ប្រជាកសិករ និងការលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា។
ក្នុងឱកាសអញ្ជើញអុជធូបជូនដំណើរលោក ច័ន្ទ សារុន ទៅកាន់ទីឋានដ៏ស្ងប់សុខនោះ សម្តេចតេជោ ហ៊ុន សែន បានចូលរួមរំលែកមរណៈទុក្ខអាឡោះអាល័យឥតគណនា ចំពោះមរណភាពរបស់លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន។ សម្តេចតេជោ ចាត់ទុកមរណភាពរបស់លោក ច័ន្ទ សារុន ជាការបាត់បង់ដ៏ធំធេងនូវស្វាមី បិតា ជីតា សាច់ញាតិ សហការីប្រកបដោយថាមវន្ត និងតំណាងរាស្ត្រដ៏ឆ្នើមមួយរូប ដែលតែងតែបានលះបង់ស្ទើរពេញ មួយជីវិតរបស់លោកបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនប្រកបដោយស្វាមីភ័ក្ដិ និងស្មារតីស្នេហាជាតិដ៏ជ្រាលជ្រៅ។
សម្តេចតេជោ បានរំលេចថា ការចូលរួមអភិវឌ្ឍជាតិរបស់លោកបណ្ឌិតសភាចារ្យកន្លងមក ជាពិសេស វិស័យកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាសន្តិសុខស្បៀង បង្កើតការងារ ជំរុញការនាំចេញផលិតផលកសិកម្ម កសិឧស្សាហកម្ម ការពារបរិស្ថាន និង ធនធានធម្មជាតិ។ ការណ៍នេះ គឺជាអនុភាគយុទ្ធសាស្ត្រដ៏ចាំបាច់មួយរបស់រាជរដ្ឋាភិបាលគ្រប់នីតិកាល ព្រោះ វិស័យកសិកម្មមិនគ្រាន់តែជួយរក្សាលំនឹងជីវភាពរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជន្ទល់អាទិភាពទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់ សំដៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា គំរូវីរភាពរបស់លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន នឹងត្រូវបានចងចាំជានិច្ចនិរន្តរ៍។
សម្តេចតេជោ ហ៊ុន សែន បានឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធលោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បានទៅកាន់សុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ៕




























