អំពីជលផល៖ ស្វែងយល់អំពី «ត្រីស្ទក់» ដែលជាត្រីដ៏កម្រមួយប្រភេទនៅកម្ពុជា
02-09-2026 15:55
(ស្ទឹងត្រែង)៖ ត្រីស្ទក់ គឺជាប្រភេទត្រីទឹកសាបកម្រ និងធំមួយដែលមានឈ្មោះវិទ្យាសាស្ត្រថា Wallago leeri ឬ Tabah ត្រូវបានចាត់បញ្ជូលជាប្រភេទត្រីកំពុងរងគ្រោះ (Endangered species) នៅក្នុង បញ្ជី IUCN Red List។ ត្រីនេះ មានដើមកំណើតនៅអាស៊ីអាគ្នេយ៍ ដែលអាចមានរាង្គកាយធំអាចឈានដល់ប្រវែង ៣ម៉ែត្រ និងទម្ងន់ ១០០គីឡូក្រាម នៅតាមដងទន្លេមេគង្គ។
យោងតាមគេហទំព័រ Seriously Fish បានឱ្យដឹងថា ត្រីប្រភេទនេះជាប្រភេទត្រីពនេចរ (ផ្លាស់ទី) ហើយនៅក្នុងធម្មជាតិ ពួកវាត្រូវបានគេស្គាល់ថាធ្វើដំណើរក្នុងចម្ងាយឆ្ងាយទៅតាមរដូវកាល។ ពួកវាជាប្រភេទត្រីរស់នៅតាមទន្លេជាចម្បង ប៉ុន្តែគេក៏ដឹងដែរថាពួកវាផ្លាស់ទីចូលទៅក្នុងតំបន់ព្រៃលិចទឹកក្នុងរដូវវស្សា។ សត្វត្រីមួយចំនួនត្រូវបានគេដឹងថាបានចូលទៅក្នុងព្រែក ឬស្ទឹងតូចៗនៅពេលពងកូន។
មានរូបរាង និងអម្បូរតែមួយជាមួយត្រីសណ្ដាយ ត្រីស្ទក់ មាននៅតាមទន្លេមេគង្គ នៃប្រទេស កម្ពុជា ឡាវ វៀតណាម និងថៃ និងនៅប្រទេសឥណ្ឌូនេស៊ី និងសិង្ហបូរី។ រដូវត្រីនេះ ពងគឺនៅអំឡុងខែកក្កដា គឺវាហែលចុះទៅផ្នែកក្រោមនៃដងទន្លេមេគង្គ ចុះពងតាមតំបន់លិចទឹក។ ត្រីស្ទក់ និយមរស់នៅក្នុងសីតុណ្ហភាពទឹកចន្លោះពី ២២ ទៅ ២៦អង្សា និងកម្រិតpH ៦.០ ទៅ ៧.០។
ត្រីស្ទក់ ត្រូវបានចាត់ទុកជាប្រភេទមួយក្នុងចំណោម ៥៨ប្រភេទ ដែលស្ថិតក្រោមការការពារ ដ្បិតថាត្រីប្រភេទនេះជិតផុតពូជដែលតម្រូវឱ្យមានការចូលរួមអភិរក្សពីប្រជាពលរដ្ឋគ្រប់រូប។
យោងតាមមាត្រា២១ នៃច្បាប់ស្តីពីជលផល ការចាប់ ការទិញ ការលក់ ការប្រមូលផល ការកែច្នៃ ការធ្វើសន្និធិ ការដឹកជញ្ជូន ការនាំចេញ ឬនាំចូល នូវប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ទាំងនេះ ត្រូវបានហាមឃាត់ លុះត្រាតែមានលិខិតអនុញ្ញាតពីអង្គភាពជំនាញទទួលបន្ទុកជលផលប៉ុណ្ណោះ។
ប្រសិនជាប្រជាពលរដ្ឋបានឃើញប្រភេទជលផលនេះមានលក់នៅលើទីផ្សារ សូមធ្វើការរាយការណ៍ទៅកាន់លេខទូរស័ព្ទ ០១២ ៩២៩ ២២០ និង ០១២ ៩០៨ ១២១។
សូមចូលរួមទាំងអស់គ្នា ក្នុងការការពារធនធានជលផលកម្ពុជាទាំងទឹកសាប និងទឹកប្រៃរបស់យើង ឱ្យកាន់តែគង់វង្ស និងមាននិរន្តរភាពតកូនតចៅគ្រប់ជំនាន់៕



