ក្រុម KV ដែលតែងតែកាប់គ្នា និងកាប់ម៉ូតូពលរដ្ឋ នៅស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន៩នាក់
02-09-2026 15:43
(ស្វាយរៀង)៖ សមត្ថកិច្ចនគរបាលស្រុកចន្ទ្រា បានឲ្យដឹងថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងលោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រេស ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង និង ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្ដី បានធ្វើការឃាត់ខ្លួនក្មេងទំនើងមួយក្រុម មានគ្នាចំនួន ៩នាក់ (ប្រុស)។
សមត្ថកិច្ចបានបន្តថា ក្រុមក្មេងទំនើងទាំងនោះ តែងតែអុកឡុកបង្កការភ័យខ្លាចដល់បងប្អូនអ្នកស្រុកភូមិមានដូចជាមូលដ្ឋានស្រុកចន្ទ្រា (ឃុំច្រេស) និងស្រុកកំពង់រោទិ៍ (ឃុំត្នោត) ខណៈក្រុមនេះបានដាក់ រហស្សនាមខ្លួនថា KV ដោយបច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីបន្តតាមច្បាប់។
សមត្ថកិច្ចនគរបាលស្រុកបានអំពាវនាវសូមបងប្អូន យុវជនចៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតរបស់ខ្លួនយើង គ្រួសារ និងសង្គមជាតិនិង សូមមាតាបិតា អាណាព្យាបាលទាំងអស់ជួយយកចិត្តទុកដាក់ និងតាមដានរាល់សកម្មភាពរបស់កូនៗខ្លួន ដើម្បីឲ្យពួកគាត់ក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងជាប្រជាពលរដ្ឋល្អក្នុងសង្គមផងដែរ៕







