មន្ត្រីនគរបាលខេត្តកណ្ដាល ដាក់គោលដៅអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ និងអំពាវនាវឲ្យពលរដ្ឋទាំងអស់គោរពច្បាប់ទាំងអស់គ្នា
02-09-2026 15:40
(កណ្ដាល)៖ នគរបាលចរាចរណ៍ បានដាក់គោលដៅមួយចំនួន រឹតបន្តឹងច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពលើដងផ្លូវ កាត់បន្ថយគ្រោះថ្នាក់នានា ពិសេសគឺផ្ដោតលើការអប់រំជាជាងការផាកពិន័យ និងស្នើឲ្យពលរដ្ឋចូលរួមគោរពច្បាប់ទាំងអស់គ្នា។
លោកវរសេនីយ៍ឯក ទីន វ៉ាន់ស៊ី ស្នងការរងទទួលផែនចរាចរណ៍ បានឲ្យដឹងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះថា ក្រោយការចង្អុលបង្ហាញពីលោឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ក្រុមការងារបានចុះដាក់គោលដៅនៅតាមដងផ្លូវសំខាន់ៗមួយចំនួន ដើម្បីធ្វើការអប់រំពលរដ្ឋ ក្នុងនោះផ្ដោតសំខាន់ទៅការការលើកកម្ពស់ឲ្យពលរដ្ឋយើងទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយ ឬបញ្ចៀសការគ្រោះថ្នាក់ចរាចរណ៍។
លោកស្នងការរងបន្តថា នគរបាលចរាចរណ៍យើង រឹតបន្តឹងទៅលើឡានដឹកសំពីងសំពោង ល្បឿន ស្រវឹង កែច្នៃ មិនគោរពសិទ្ធិអទិភាព រីឯបទល្មើសផ្សេងទៀតគឺ អប់រំប៉ុណ្ណោះ។ ដំបូងនេះ គឺនគរបាលយើង យកគោលការណ៍រអប់រំជាធំ។
លោកស្នងការរងបន្តថា ដើម្បីឆ្លើយតបនូវបញ្ហាប្រឈមខាងលើ ស្នងការដ្ឋាននគរបាលខេត្ត បានដាក់ចេញនូវវិធានការបន្ថែមទៀត និងកសាងផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព ស្របតាមផែនការ និងគោលការណ៍ របស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភារដ្ឋបាលខេត្ត ដើម្បីធ្វើការត្រួតពិនិត្យ និងរឹតបន្តឹងការអនុវត្ត ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក (ដូចជាជំរុញការត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ពេលថ្ងៃ និងយុទ្ធនាការរឹតបន្តឹង។ ការអនុវត្តច្បាប់នៅពេលយប់ លើអ្នកបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង និងមានផ្ទុកសារធាតុញៀន) សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស ឬរបួសពិការ រួមជាមួយនឹងការខូចខាត ទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន។
លោកស្នងការរងបន្ថែមថា ដោយផ្អែកតាមផែនការសកកម្មភាពស្តីពីការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក របស់ស្នងការដ្ឋាន នគរបាលខេត្ត និងមានការឯកភាពពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មន្ត្រីជំនាញថ្នាក់ខេត្ត និងថ្នាក់ ស្រុក/ក្រុង បានចុះរឹតបន្ដឹងច្បាប់ នៅគោលដៅដើមតាមដងផ្លូវ ចល័ត និងអចល័ត ស្របតាមភូមិសាស្ត្រខេត្ត និងពេលវេលា បានជាប់ជាប្រចាំដូចភ្លៀងរលឹម៕









