អង្គការសង្គមស៊ីវិលក្នុងខេត្តព្រៃវែង ប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់បរិវត្តកម្មឌីជីថលឈានទៅកសាងសង្គមឌីជីថល និងទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងសហគមន៍
02-09-2026 15:32
(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាខេត្តព្រៃវែង វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្រ្តី បានរៀបចំវេទិកាសន្ទនាក្រោមប្រធានបទស្ដីព «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិល ក្នុងយុគសម័យឌីជីថល» ដោយបានសហការជាមួយរដ្ឋបាលខេត្តព្រៃវែង។
វេទិកាសន្ទនានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៉ៃ សំបូរ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន វ.ស.ស. តំណាងលោក កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងលោក អន ភារៈ អភិបាលរងខេត្តព្រៃវែង តំណាងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង។
ថ្លែងក្នុងអង្គវេទិកាសន្ទនាដែលមានការអញ្ជើញចូលរួមពីតំណាងអង្គការសង្គមស៊ីវិលក្នុងខេត្តព្រៃវែង និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ លោក ប៉ៃ សំបូរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋាននិងអង្គការសង្គមស៊ីវិល ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខដុមនីយកម្មសង្គមស៊ីវិល និងរួមគ្នាជំរុញឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យមានភាពរីកចម្រើនជាលំដាប់លើគ្រប់វិស័យ ស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបានជំរុញឱ្យអង្គការសង្គមស៊ីវិលបន្តពង្រឹងសមត្ថភាពផ្នែកឌីជីថល ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញបរិវត្តកម្មឌីជីថល ព្រមទាំងរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតាមសហគមន៍។
ជាមួយគ្នានេះដែរ លោកក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលចូលរួមជំរុញឱ្យយុវជនតាមសហគមន៍ចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលបច្ចេកទេសនិងជំនាញវិជ្ជាជីវៈផ្សេងៗនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ដើម្បីទទួលបានឱកាសការងារកាន់តែល្អប្រសើរនៅតាមក្រុមហ៊ុន សហគ្រាសក្នុងមូលដ្ឋានខេត្តព្រៃវែងនិងតាមបណ្តាខេត្តផ្សេងទៀត។
ក្នុងឱកាសនេះដែរ លោក អន ភារៈ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់អង្គការសង្គមស៊ីវិល ក្នុងការអភិវឌ្ឍខេត្តព្រៃវែងនាពេលកន្លងមក។ លោកបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលនិងដៃគូអភិវឌ្ឍន៍ទាំងអស់បន្តគាំទ្រនិងចូលរួមដោយស្មោះត្រង់ក្នុងភាពជាដៃគូជាមួយរដ្ឋបាលខេត្តព្រៃវែង និងត្រូវអនុវត្តតាមច្បាប់និងបទដ្ឋានគតិយុត្តិជាធរមាន ដើម្បីចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានលើគ្រប់វិស័យ ព្រមទាំងបន្តចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងមូលដ្ឋាន។
ក្នុងអង្គវេទិកានេះដែរ លោក ឡេង ប៊ុន្នី អ្នកជំនាញមកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានចូលរួមធ្វើបទបង្ហាញជូនអង្គវេទិកា ស្តីពី «ការយល់ដឹងអំពីអក្ខរកម្មឌីជីថលនិងសុវត្ថិភាពតាមប្រព័ន្ធបច្ចេកវិទ្យាសម្រាប់អង្គការសង្គមស៊ីវិល» ដើម្បីចូលរួមផ្សព្វផ្សាយនិងលើកកម្ពស់បរិវត្តកម្មឌីជីថលនិងការយល់ដឹងអំពីគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។ អង្គវេទិកាបានសាទរចំពោះបទបង្ហាញដ៏មានសារៈសំខាន់នេះ ដែលអាចជួយឱ្យបងប្អូនតំណាងអង្គការសង្គមស៊ីវិលបានយល់ដឹងជាមូលដ្ឋានអំពីបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន និងអាចប្រើប្រាស់បានត្រឹមត្រូវនិងមានសុវត្ថិភាពខ្ពស់៕






























