ខេត្តកំពង់ចាម បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិជាប់សរុបចំនួន ៧,៤២៧នាក់ និទ្ទេស A តិចជាងឆ្នាំមុន
02-09-2026 15:34
(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញបើកស្រោមលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យព្រះសីហនុ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា បេក្ខជនទូទាំងខេត្ត ដែលបានប្រឡងជាប់សរុប ៧,៤២៧នាក់ ក្នុងនោះបេក្ខជនដែលប្រឡងជាប់និទ្ទេស A ចំនួន ១០០នាក់ តិចជាងឆ្នាំ២០២៥ ដែលមានចំនួន ១៤១នាក់។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម លោក លី ម៉េងសាន បានឱ្យដឹងថា សម័យប្រឡង ១០ សីហា ២០២៦ សម្រាប់ខេត្តកំពង់ចាម ចំនួនបេក្ខជនមកប្រឡងសរុប ៩,៤៨៥នាក់ ក្នុងនោះស្រីចំនួន ៥,៦៣៨នាក់។ ចំនួនបេក្ខជនប្រឡងជាប់សរុប ៨,១០២នាក់ ក្នុងនោះស្រីចំនួន ៥,០៥៧នាក់ គិតជាភាគរយសរុប ៨៥.៤២% ក្នុងនោះស្រី ៨៩.៦៩% (កើន ២.៥៩% ក្នុងនោះស្រី ៤.៨១%) បើប្រៀបធៀបនឹងឆ្នាំ២០២៥។
ចំពោះលទ្ធផលប្រភេទបេក្ខជនប្រឡង បេក្ខជនចំណេះទូទៅ៖ ចំនួនបេក្ខជនមកប្រឡងសរុប ៨,៥១៧នាក់ ក្នុងនោះស្រី ៥,១៣១នាក់ ចំនួនបេក្ខជន ប្រឡងជាប់សរុប ៧,៤២៧នាក់ ក្នុងនោះស្រី ៤,៦៤០នាក់ គិតជាភាគរយស្មើនឹង ៨៧.២០% ក្នុងនោះស្រី ៨៧.៣៣%។
បេក្ខជនស្វៃរិនចំណេះទូទៅ៖ ចំនួនបេក្ខជនមកប្រឡងសរុប ៨៥១នាក់ ក្នុងនោះស្រី ៤៧០នាក់ ចំនួនបេក្ខជនប្រឡងជាប់សរុប ៦៣៧នាក់ ក្នុងនោះស្រី ៣៩៧នាក់ គិតជាភាគរយស្មើនឹង ៧៤.៨៥% ក្នុងនោះស្រី ៨៤.៤៧%។
បេក្ខជនបំពេញវិជ្ជា៖ ចំនួនបេក្ខជនមកប្រឡងសរុប ១១៧នាក់ ក្នុងនោះស្រី ៣៧នាក់ ចំនួនបេក្ខជនប្រឡងជាប់សរុប ៣៨នាក់ ក្នុងនោះស្រី ២០នាក់ គិតជាភាគរយស្មើនឹង ៣២.៤៨% ក្នុងនោះស្រី ៥៤.០៥%៕










