FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខេត្តកណ្ដាល ជំរុញមន្ទីរសុខាភិបាល ពង្រឹងអភិបាលកិច្ច ក្រមសីលធម៌ឱសថការី និងច្បាប់វិស័យសុខាភិបាល

02-09-2026 15:32

(កណ្តាល)៖ អាជ្ញាធរខេត្តកណ្ដាល បានជំរុញដល់មន្ទីរសុខាភិបាលខេត្ត ឲ្យបន្តពង្រឹងលើអភិបាលកិច្ច ក្រមសីលធម៌ឱសថការី និងច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ឲ្យកាន់តែល្អប្រសើរឡើង ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពប្រជាពលរដ្ឋ។

ការជំរុញនេះបានធ្វើឡើងក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយជាមួយឱសថការីទទួលបន្ទុកបច្ចេកទេសឱសថស្ថានក្នុងខេត្តកណ្ដាល កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។

លោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានសង្កត់ធ្ងន់ថា ឱសថការីគ្រប់រូបត្រូវប្រកបវិជ្ជាជីវៈដោយស្មោះត្រង់ មានការទទួលខុសត្រូវខ្ពស់ និងតម្កល់សុខភាព និងជីវិតរបស់អ្នកជំងឺជាចម្បង។ លោកបានណែនាំឲ្យជៀសវាងដាច់ខាតនូវអាកប្បកិរិយា ឬសកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈឱសថសាស្ត្រ។

ជាមួយគ្នានេះ ឱសថការីត្រូវត្រួតពិនិត្យប្រភពដើមនៃឱសថឲ្យបានច្បាស់លាស់ ជៀសវាងការចរាចរឱសថក្លែងក្លាយ ឱសថគ្មានលេខទិដ្ឋាការ/បញ្ជីកា ឱសថផុតកាលកំណត់ប្រើប្រាស់ ឬឱសថខូចគុណភាព។ រាល់ការផ្ដល់ឱសថ និងដំបូន្មានវិជ្ជាជីវៈត្រូវផ្អែកលើសុវត្ថិភាព ប្រសិទ្ធភាព គុណភាព សុចរិតភាព និងការទទួលខុសត្រូវ។

លោកវិជ្ជបណ្ឌិត គាម ពិសិដ្ឋ ប្រធានមន្ទីរសុខាភិបាលខេត្តស្ដីទី បានថ្លែងជំរុញឲ្យឱសថការីទាំងអស់ ចូលរួមពង្រឹងវប្បធម៌ "ប្រកបវិជ្ជាជីវៈដោយសុចរិតភាព គោរពច្បាប់ និងដាក់សុវត្ថិភាពអ្នកជំងឺជាចម្បង"។ លោកបានបន្ថែមថា ការគោរពក្រមសីលធម៌ និងច្បាប់ មិនមែនគ្រាន់តែដើម្បីជៀសវាងការផាកពិន័យនោះទេ ប៉ុន្តែជាការការពារកិត្តិយសរបស់អ្នកប្រកបវិជ្ជាជីវៈ និងការកសាងទំនុកចិត្តពីសាធារណជនចំពោះវិស័យសុខាភិបាល។
ការពង្រឹងគុណភាពសេវា និងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល គឺជាកិច្ចការសំខាន់របស់ឱសថការីគ្រប់រូប ដើម្បីធានាថាអ្នកជំងឺទទួលបានសេវាថែទាំសុខភាពដែលមានសុវត្ថិភាព គុណភាព និងសមធម៌។

បច្ចុប្បន្ន ខេត្តកណ្ដាលមានមូលដ្ឋានសុខាភិបាលសរុបចំនួន ១០ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែកចំនួន ១១ និងមណ្ឌលសុខភាពចំនួន ១១២ ព្រមទាំងឱសថស្ថាន ឱសថស្ថានរង ក ខ និងឱសថបុរាណចំនួន ២៨៧កន្លែង។ សមិទ្ធផល និងវឌ្ឍនភាពក្នុងវិស័យសុខាភិបាលខេត្តកណ្ដាល មានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់ ទាំងលើការងារបច្ចេកទេស និងការងារគ្រប់គ្រងទូទៅ៕