នគរបាលខេត្តស្ទឹងត្រែង បំបែកសំណុំរឿងឃាតកម្មវាយសម្លាប់ចងដុំថ្មទម្លាក់ស្រះ និងចាប់ខ្លួនជនដៃដល់បាន
02-09-2026 15:15
(ស្ទឹងត្រែង)៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការបំបែកសំណុំរឿងឃាតកម្មដ៏សាហាវឃោរឃៅមួយ និងចាប់ខ្លួនជនដៃដល់បាន។ ករណីនេះបានកើតឡើងបន្ទាប់ពីជនសង្ស័យបានវាយសម្លាប់ជនរងគ្រោះ រួចយកខ្សែចងផ្អោបជាមួយដុំថ្មទម្លាក់ចូលស្រះទឹក ដើម្បីលុបបំបាត់ភស្តុតាង។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅពេលដែលប្រជាពលរដ្ឋម្នាក់បានប្រទះឃើញសពបុរសម្នាក់អណ្តែតក្នុងស្រះទឹក ស្ថិតក្នុងភូមិមន ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់។
ក្រោយការពិនិត្យកោសល្យវិច័យ សមត្ថកិច្ចបានរកឃើញស្នាមបែកផុងលលាដ៍ក្បាល និងមានខ្សែចងផ្អោបដុំថ្មធំៗជាប់នឹងដងខ្លួនសព ដែលបញ្ជាក់ថាជាករណីឃាតកម្មគិតទុកជាមុន។
ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី វ៉ា សុផាន់ ស្នងការរង កម្លាំងជំនាញបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះ យែម ភ័ក្រ អាយុ ៣៩ឆ្នាំ រស់នៅភូមិមន ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកដំបងឈើជ្រុងវាយទៅលើជនរងគ្រោះឈ្មោះ រឹន សារ៉ាត់ ភេទប្រុស អាយុ ៤០ឆ្នាំ ចំក្បាលបណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ មូលហេតុគឺដោយសារជនសង្ស័យបានទាន់ជនរងគ្រោះកំពុងលួចអាគុយត្រាក់ទ័ររបស់ខ្លួន ទើបកើតកំហឹងឈានដល់ការប្រព្រឹត្តបទល្មើស និងរៀបចំចងដុំថ្មទម្លាក់សពចូលស្រះទឹកដើម្បីបំបាត់ដាន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕












