FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម៖ រដ្ឋាភិបាលជួយកាន់តែចំគោលដៅអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះបញ្ជី, ខណៈមានអ្នកចុះបញ្ជីជិត៥០ម៉ឺននាក់

02-09-2026 15:09

(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកទឹកចិត្តដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធឈ្មោះក្នុងបញ្ជី «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដើម្បីផ្តល់ភាពងាយស្រួលដល់ក្រសួង ស្ថាប័នពាក់ព័ន្ធសម្របសម្រួលដោះស្រាយការលំបាក ខណរាជរដ្ឋាភិបាលបបានជួយកាន់តែចំគោលដៅអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះបញ្ជី។

ការលើកទឹកចិត្តបែបនេះរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានធ្វើឡើងនៅក្នុងឱកាសលោកផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ក្រោយថ្លែងសន្ទរកថាបើក «វេទិកាអ្នកប្រកបអាជីវកម្មវិស័យសាឡននៅកម្ពុជា ឆ្នាំ២០២៦» នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ ដែលរៀបចំដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរសាឡន។ វេទិកានេះមិនត្រឹមតែជាឱកាសសម្រាប់ការជួបជុំ ការផ្លាស់ប្តូរបទពិសោធន៍ និងការពង្រីកបណ្ដាញទំនាក់ទំនងអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើន ភាពធន់ និងសមិទ្ធផលរួមរបស់អ្នកប្រកបអាជីវកម្មក្នុងវិស័យសាឡននៅកម្ពុជា។

រដ្ឋមន្ត្រី ហែម វណ្ណឌី បានឱ្យដឹងថា គិតមកខែសីហា ឆ្នាំ២០២៦ គឺមានអ្នកប្រកបរបសេដ្ឋកិច្ចក្រៅ្រព័ន្ធជិត ៥០ម៉ឺននាក់ បានចុះឈ្មោះក្នុងបញ្ជីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ដោយផ្អែកតាមយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣ ដល់២០២៨ រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបន្តពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ គឺបានយកចិត្តទុកដាក់រៀបចំយុទ្ធសាស្ត្រ គិតគូរពីបងប្អូនអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានឱ្យដឹងថា៖ «ការដែលមានរៀបចំចុះឈ្មោះតាមថ្នាលឌីជីថល ដោយឥតគិតថ្លៃ ដោយស្ម័គ្រចិត្ត គឺបានផ្តល់អត្តសញ្ញាណជូនគាត់ ដែលផ្តល់ភាពងាយស្រួល ដល់ក្រសួងស្ថាប័នផ្តល់សេវាជូនគាត់ ដើម្បីអាចអភិវឌ្ឍន៍ជំនាញ...! អីឡូវនេះយើងមានជិតដល់កន្លះលាននាក់ហើយ»

បន្ថែមពីនេះ រដ្ឋមន្ត្រី ហែម វណ្ណឌី បានគូសបញ្ជាក់ថា អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាអាទិភាពទី៤ នៅក្នុងចំណោមអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។ ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោ​មការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ត្រូវតែធ្វើយ៉ាងណាអភិវឌ្ឍន៍បងប្អូនអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅ្របព័ន្ធ ដើម្បីពួកគាត់មានការរីកចម្រើន ដោយដាក់ចេញនូវផែនការ និងគោលនយោបាយជាច្រើន។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងថា នៅក្នុងមុខរបរក្រៅប្រព័ន្ធជាច្រើនដែលចុះបញ្ជីយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺមានមុខរបរថែរក្សាសម្ផស្ស ជាងសាឡន និងជាងកាត់សក់ ត្រូវបានចាត់ទុកមុខរបរអាទិភាពមាននៅក្នុងបញ្ជី។ ត្រង់ចំណុចនេះសបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

រដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺធ្វើឡើងដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំ និងមិនតម្រូវឱ្យមានការបង់ថ្លៃនោះឡើយ។ ការណ៍នេះបានសបញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការចុះឈ្មោះនេះ មានសារៈសំខាន់ណាស់ ដែលធ្វើឱ្យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមិនចំណាយពេលច្រើន។

ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអនុញ្ញាត ឱ្យមានមធ្យោបាយចុះឈ្មោះច្រើនជម្រើស តាមរយៈកម្មវិធីទូរសព្ទដៃ (CAM-IE app) វិបផតថល និងតាមរយៈសាខានៃភ្នាក់ងារចុះឈ្មោះនៅទូទាំងប្រទេស ដែលបច្ចុប្បន្នរួមមាន ធនាគារវីង ធនាគារវឌ្ឍនៈ ធនាគារអេស៊ីលីដា ធនាគារ ABA ធនាគារ SME និង ធនាគារ ARDB។ ក្រុមគោលដៅសម្រាប់ការចុះឈ្មោះនេះរួមមានសហគ្រាសធុនមីក្រូ កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ កម្មករ-និយោជិតម្តងម្កាល និងបុគ្គលស្វ័យនិយោជន៍ ដែលប្រកបអាជីវកម្ម មុខរបរ និង/ឬការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ផលប្រយោជន៍នៃការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងដំណាក់កាលអន្តរកាលនេះ អ្នកដែលស្ថិតក្នុងសហគ្រាសមីក្រូ តូច និងមធ្យម នឹងទទួលបានអត្ថប្រយោជន៍នៃការលើកលែងពិន័យនានា បំណុលពន្ធ ផ្តល់ការលើកទឹកចិត្តពន្ធដាផ្សេងៗ រួមទាំងអាចទទួលបានការគាំទ្រហិរញ្ញវត្ថុ និងការបណ្តុះបណ្តាលនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងសហគ្រាស។

ជាមួយគ្នានេះ បុគ្គលស្វ័យនិយោជន៍ ដូចជាអ្នកលក់ដូរតូចតាច អ្នករត់ម៉ូតូកង់បី លក់ទឹកអំពៅ ជាដើម នឹងទទួលបានការថែទាំងសុខភាពដោយឥតគិតថ្លៃ ហើយរដ្ឋគិតគូរជាពិសេសលើការផ្តល់អាហារូបករណ៍កូនចៅពលរដ្ឋ ប្រាក់ឧបត្ថម្ភប្រចាំខែរ និងការជួយសម្រួលរកការងារតាមទីភ្នាក់ងារជាតិ និងមុខរបរ៕