FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេដឹកនាំបក្សប្រឆាំងនៅប្រទេសថៃ អះអាងថា មានភស្តុតាងដែលអាចលាតត្រដាងអំពើខុសឆ្គងធ្ងន់ៗ ធ្វើឱ្យរង្គោះរង្គើរដ្ឋាភិបាល លោក Anutin (Video inside)

02-09-2026 15:08

(បាងកក)៖ មេដឹកនាំគណបក្សប្រជាជនថៃ លោក Natthaphong Ruengpanyawut បាននិយាយថា គណបក្សប្រឆាំងរបស់លោក មានព័ត៌មានដែលអាចលាតត្រដាងអំពើខុសឆ្គង ប្រព្រឹត្តដោយអ្វីដែលរូបលោកហៅថា «របបពណ៌ខៀវ» ហើយអាចនឹងធ្វើឱ្យរង្គោះរង្គើរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី លោក Anutin Charnvirakul។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Khaosod នាថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦។

លោក Natthaphong បាននិយាយថា គណបក្សប្រជាជនថៃ People Party កំពុងរៀបចំភស្តុតាងពាក់ព័ន្ធនឹងការសង្ស័យប្រព្រឹត្តអំពីអំពើពុករលួយ ការប្រើអំណាចនយោបាយ ការជះឥទ្ធិពលលើស្ថាប័នឯករាជ្យ និងទំនាក់ទំនងជាមួយក្រុមហ៊ុនអាជីវកម្មឯកជន។ បើតាមលោក Natthaphong គណបក្សរបស់លោក មិនទាន់សម្រេចជាផ្លូវការថា តើនឹងស្នើឱ្យមានត្រឹមការជជែកដេញដោលទូទៅក្នុងរដ្ឋសភា ឬការបោះឆ្នោតដកសេចក្តីទុកចិត្ត ឬមួយធ្វើទាំងពីរនោះទេ។

មេដឹកនាំបក្សប្រឆាំងថៃរូបនេះ បាននិយាយថា ប្រសិនបើបង្ហាញព័ត៌មានច្រើនពេកនៅពេលនេះ វានឹងគ្រាន់តែដូចជាផ្តល់ «កិច្ចការផ្ទះ» ដាក់ឱ្យរដ្ឋាភិបាល ត្រៀមរៀបចំការពារខ្លួនប៉ុណ្ណោះ។ ប៉ុន្តែលោកបានបញ្ជាក់ថា គណបក្សប្រជាជនថៃ ត្រៀមខ្លួនរួចជាស្រេច ដើម្បីតាមដានយ៉ាងល្អិតល្អន់បំផុតលើរដ្ឋាភិបាល ដោយប្រើប្រាស់ភស្តុតាងដែលខ្លួនបានប្រមូល។ ជាចុងក្រោយ លោក Natthaphong បានរំលឹកទៅកាន់ លោកនាយករដ្ឋមន្រ្តី Anutin ផ្ទាល់ថា កាលពីមុន រូបលោកមានឱកាសក្លាយជានាយករដ្ឋមន្រ្តី គឺដោយសារតែការគាំទ្រពីគណបក្សរបស់លោក Natthaphong ដូច្នេះហើយនាពេលនេះ លោក Natthaphong ក៏ប្រហែលជាស្ថិតក្នុងស្ថានភាពមួយ ដែលអាចជួយធ្វើឱ្យលោក Anutin ធ្លាក់ចេញពីអំណាចវិញ បានផងដែរ។

គួរបញ្ជាក់ថា សមាជិកសភានៃគណបក្ស Bhumjaithai របស់លោក Anutin បានចេញមុខប្រតិកម្មចំពោះ ការគំរាមរបស់គណបក្សប្រជាជនថៃ ដោយនិយាយថា «របបពណ៌ខៀវ» គ្រាន់តែជាពាក្យស្លោកនយោបាយមួយប៉ុណ្ណោះ។ សមាជិកសភាខាងលើ បានអះអាងថា តំណាងរាស្រ្តសរុបជិត ២០០នាក់ របស់គណបក្ស Bhumjaithai ឆ្លុះបញ្ចាំងយ៉ាងច្បាស់ នូវការគាំទ្រយ៉ាងខ្លាំងពីសាធារណជន។ តំណាងរាស្រ្តរូបនោះ ក៏បានប្រាប់មេដឹកនាំគណបក្សប្រជាជនថៃ លោក Natthaphong ឱ្យឈប់ប្រើវោហារសាស្ត្រនយោបាយតទៅទៀត ហើយនាំយកភស្តុតាងរឹងមាំជាក់ស្តែង មកបង្ហាញក្នុងការពិភាក្សានៅរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ៕