FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មិនឱ្យឪពុកខកបំណង! បេក្ខជន អ៊ាង សីហា ដែលលោកឪពុកស្លាប់ ពេលជូនទៅប្រឡងនៅខេត្តកំពង់ធំ បានប្រឡងជាប់និទ្ទេស D

02-09-2026 14:51

(កំពង់ធំ)៖ បេក្ខជន អ៊ាង សីហា ជាសិស្សនៅវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា ដែលបានទៅប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ នៅមណ្ឌលវិទ្យាល័យស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានលទ្ធផលជាប់និទ្ទេស D ដែលលទ្ធផលនេះមិនបានធ្វើឱ្យឱពុកខកបំណងនោះឡើយ។

សូមបញ្ជាក់ដែរថា លោក អុប សារ៉ែន ឪពុករបស់បេក្ខជន អ៊ាង សីហា បានទទួលមរណភាព (ដេកស្លាប់) គ្រាដែលបានជូនកូនទៅប្រឡងនៅថ្ងៃទី២ នៃការសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលវិទ្យាល័យស្ទឹងសែន ខេត្តកំពង់ធំ ដែលជារឿងដ៏ក្រៀមក្រំ និងគួរឱ្យសោកស្ដាយបំផុត ដែលឪពុកម្នាក់បានប្រឹងប្រែងដើម្បីកូន បែរជាពុំអាចមើលឃើញពីភាគជោគជ័យរបស់កូនប្រុសរបស់ខ្លួន និងទៅបាត់ដោយមិនបានលាកូន គ្រួសារ និងសាច់ញាតិ សូម្បីមួយម៉ាត់។

លទ្ធផលជាប់និទ្ទេស D របស់បេក្ខជន អ៊ាង សីហា ក៏ជាការបញ្ជាក់នូវការធ្វើឱ្យដួងវិញ្ញាណខន្ធលោកឪពុករបស់ខ្លួនពុំបានខកបំណងនោះឡើយ ហើយនេះក៏ជាការតបស្នងសងគុណដល់លោកឪពុក ដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីកូន និងចង់ឃើញកូនប្រឡងជាប់ផងដែរ៕