ក្រសួងបរិស្ថាន រួមជាមួយភាគីពាក់ព័ន្ធត្រៀមផ្សព្វផ្សាយរបាយការណ៍ស្ថានភាពបរិស្ថានជាតិ លើកទី៥
02-09-2026 14:48
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន រួមជាមួយភាគីពាក់ព័ន្ធ បាននិងកំពុងត្រៀមខ្លួនដើម្បីផ្សព្វផ្សាយរបាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៥ បន្ទាប់ពីបានរៀបចំកិច្ចពិភាក្សាពិគ្រោះយោបល់ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះរៀបចំឡើងដោយនាយកដ្ឋានគ្រប់គ្រងព័ត៌មានភូមិសាស្ត្រ នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីអង្គការ GIZ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក អ៊ាត សីលា រដ្ឋលេខាធិការ និងជាតំណាងបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ កិច្ចពិភាក្សានេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងបរិស្ថាន ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ជាច្រើនរូប។
របាយការណ៍ស្ថានភាពបរិស្ថានជាតិ គឺជាឯកសារដ៏មានតម្លៃ ដែលប្រមូលផ្តុំនូវឯកសារ ទិន្នន័យគោល និងព័ត៌មានវិទ្យាសាស្ត្រអំពីបរិស្ថាន និងធនធានធម្មជាតិ។ ឯកសារនេះនឹងបម្រើជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អ្នកសិក្សាស្រាវជ្រាវ អ្នកគ្រប់គ្រង អ្នកធ្វើផែនការ សហគមន៍ ឧស្សាហករ វិនិយោគិន និងអង្គការជាតិ-អន្តរជាតិ ក្នុងការប្រើប្រាស់សម្រាប់អប់រំចំណេះដឹងបរិស្ថាន ការធ្វើសេចក្តីសម្រេច ការគ្រប់គ្រង និងការធ្វើផែនការសកម្មភាពនានា ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមកម្មវិធីនយោបាយជាតិ។
ការរៀបចំកិច្ចពិគ្រោះយោបល់នេះ មានគោលបំណងស្វែងរកការចូលរួមធ្វើបច្ចុប្បន្នភាពលើសេចក្តីព្រាងមាតិការបាយការណ៍ ក៏ដូចជាទទួលបានធាតុចូលសំខាន់ៗពីភាគីពាក់ព័ន្ធ ដើម្បីគាំទ្រដល់ជំពូកនីមួយៗនៃរបាយការណ៍ និងឈានទៅដល់ការឯកភាពគ្នាជាផ្លូវការ។ របាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៥ នេះបានបញ្ចូលប្រធានបទបរិស្ថានចម្បងៗចំនួន៦ រួមមាន៖ គុណភាពខ្យល់ ធនធានទឹក ការប្រែប្រួលអាកាសធាតុ ព្រៃឈើនិងការប្រើប្រាស់ដី សំណល់ (រឹង និងសំរាម) និងសំណល់រាវនិងទឹកកខ្វក់។
សូមបញ្ជាក់ថា របាយការណ៍ស្ថានភាពបរិស្ថានជាតិ ត្រូវបានរៀបចំនិងបោះពុម្ពផ្សាយយ៉ាងតិច៤ឆ្នាំម្តង ហើយកម្ពុជាបានអនុវត្តបាន៤លើករួចមកហើយ គឺលើកទី១ នៅឆ្នាំ១៩៩៤ លើកទី២ នៅឆ្នាំ២០០៥ លើកទី៣ នៅឆ្នាំ២០១៩ និងលើកទី៤ នៅឆ្នាំ២០២១។ ការរៀបចំរបាយការណ៍លើកទី៥ នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការគ្រប់គ្រងបរិស្ថានប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕













