មន្ទីរពេទ្យព្រះអង្គឌួង បើកវគ្គបណ្ដុះបណ្ដាលលើជំនាញថ្មីមួយបន្ថែមទៀតដល់ក្រុមគ្រូពេទ្យ ដើម្បីបម្រើសេវាសុខាភិបាល ជូនអ្នកជំងឺកាន់តែមានប្រសិទ្ធភាពខ្ពស់
02-09-2026 14:29
(ភ្នំពេញ)៖ មន្ទីរពេទ្យព្រះអង្គឌួង នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំបើក «វគ្គបណ្តុះបណ្តាលការស្រាវជ្រាវ និងការវិភាគទិន្នន័យ» រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីផ្តល់ជាចំណេះដឹង និងជំនាញផ្នែកស្រាវជ្រាវបន្ថែមជូនក្រុមគ្រូពេទ្យ សំដៅថែទាំអ្នកជំងឺឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ថ្លែងក្នុងពិធីបើកវគ្គនាឱកាសនោះ លោកស្រីសាស្ត្រាចារ្យជំនួយ ជុកម៉ុល កុសុ ម៉ា នាយិការងមន្ទីរពេទ្យ និងជាប្រធានក្រុមការងារស្រាវជ្រាវនៃមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមចំនួន២១រូប ពួកគាត់មានការចាប់អារម្មណ៍លើការស្រាវជ្រាវ ដោយសារពួកគាត់បានឃើញពីតម្លៃនៃការផ្លាស់ប្តូរចម្ងល់ ឬសំណួរដែលបានជួបប្រទះក្នុងការព្យាបាលជាក់ស្តែង ឱ្យទៅជាភស្តុតាងវិទ្យាសាស្ត្រដែលស្មារតីនេះហើយ គឺជាអ្វីដែលកម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីគាំទ្រ។
លោកស្រីសាស្ត្រាចារ្យជំនួយ បានបន្តថាក្នុងរយៈពេល ៣ខែខាងមុខនេះ លោកគ្រូ អ្នកគ្រូទាំងអស់គ្នានឹងត្រូវបែងចែកជាក្រុមស្រាវជ្រាវតូចៗ ហើយក្រុមនីមួយៗ នឹងអនុវត្តគម្រោងស្រាវជ្រាវមួយ ចាប់តាំងពីបញ្ហាស្រាវជ្រាវដំបូង រហូតដល់ទទួលបានលទ្ធផលស្រាវជ្រាវចុងក្រោយ ហើយថ្ងៃនេះគឺជាការចាប់ផ្តើមនៃតំណាក់កាលទី១ លោកគ្រូ អ្នកគ្រូទាំងអស់គ្នានឹងរៀនពីរបៀបស្វែងរកបញ្ហាដែលអាច ស្រាវជ្រាវបានពីការងារព្យាបាលប្រចាំថ្ងៃ កំណត់វាជាសំណួរស្រាវជ្រាវឱ្យបានច្បាស់លាស់ និងចាប់ផ្តើមសរសេរ «ឯកសារទស្សនទាន» ពេញលេញ រួមទាំងមានការណែនាំអំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ជាជំនួយបន្ថែមប្រកបដោយការទទួលខុសត្រូវ។
លោកស្រីសាស្ត្រាចារ្យជំនួយ បានថ្លែងអំណរគុណចំពោះលោកវេជ្ជបណ្ឌិតដែលជាគ្រូបង្គោល បានចំណាយពេលវេលា និងចែករំលែកចំណេះដឹងជំនាញ ព្រមទាំងក្រុមការងារសម្របសម្រួលកម្មវិធី ដែលបានខិតខំរៀបចំឱ្យវគ្គបណ្តុះបណ្តាលនេះ អាចប្រព្រឹត្តទៅបានដោយរលូន។
ជាមួយគ្នានេះលោកសាស្ត្រាចារ្យរង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង បានលើកឡើងថា «វគ្គបណ្តុះបណ្តាលការស្រាវជ្រាវ និងការវិភាគទិន្នន័យ» នេះគឺជាកម្មវិធីមួយដែលលោកជឿជាក់ថា នឹងបន្សល់ទុកនូវផលវិជ្ជមានយ៉ាងជ្រាលជ្រៅ និងយូរអង្វែងសម្រាប់មន្ទីរពេទ្យព្រះអង្គឌួង។
លោក សាស្ត្រាចារ្យ រង លូលីឃាង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រីសាស្ត្រាចារ្យជំនួយ ជុកម៉ុល កុសុ ម៉ា និងក្រុមការងារ សម្រាប់ការយកចិត្តទុកដាក់ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីផ្តល់ជាចំណេះដឹង និងជំនាញផ្នែកស្រាវជ្រាវបន្ថែមជូន ក្រុមគ្រូពេទ្យយើង។
ជាមួយគ្នានេះដែរលោកសាស្ត្រាចារ្យរង លូ លីឃាង បានកោតសរសើរចំពោះការតាំងចិត្ត និងការលះបង់ពេលវេលាចំពោះ លោកគ្រូ អ្នកគ្រូទាំង ២១រូប ដែលជាសិក្ខាកាម បានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនេះដើម្បីអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ។
លោកសាស្ត្រាចារ្យបានបន្ថែមថា «ខ្ញុំជឿជាក់ថាតាមរយៈវគ្គបណ្តុះបណ្តាលនេះ នឹងជួយយបង្កើនសមត្ថភាពស្រាវជ្រាវរបស់គ្រូបេទ្យយើងកាន់តែរឹងមាំបន្ថែមទៀត ដែលនឹងនាំទៅរកការថែទាំអ្នកជំងឺកាន់តែមានប្រសិទ្ធភាពខ្ពស់»។ យ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យ រងលូលីឃាង បានស្នើថា ប្រធានបទស្រាវជ្រាវដែលលោកគ្រូ អ្នកគ្រូនឹងជ្រើសរើសមកសិក្សា គួរតែចេញមកពីផ្នែកព្យាបាលអ្នកជំងឺ និងបទពិសោធន៍ផ្ទាល់របស់ខ្លួន ព្រោះនោះគឺជាប្រភពនៃភស្តុតាងវេជ្ជសាស្ត្រ ដែលមានប្រយោជន៍បំផុត៕



















