អ្នកនាំពាក្យក្រសួងការងារ អំពាវនាវដល់សិស្សទើបបញ្ចប់ថ្នាក់ទី១២ ស្វែងយល់ពីឱកាសការងារ មុនជ្រើសរើសជំនាញសិក្សា
02-09-2026 14:27
(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់យុវជន ជាពិសេសសិស្សានុសិស្សដែលទើបបញ្ចប់ការប្រឡងមធ្យមសិក្សាទុតិយភូមិថ្នាក់ទី១២ ឱ្យចូលរួមក្នុងវេទិកាស្វែងយល់ពីទីផ្សារការងារ ជំនាញ និងឱកាសអាជីព ដើម្បីជួយឱ្យពួកគេអាចរៀបចំផែនការសិក្សា និងជ្រើសរើសជំនាញឱ្យស្របតាមតម្រូវការទីផ្សារ។
ការអំពាវនាវបែបនេះរបស់ លោក ស៊ុន មេសា បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានអំពីការត្រៀមរៀបចំ “ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦” ដែលជាព្រឹត្តិការណ៍ខ្នាតយក្សប្រចាំឆ្នាំក្នុងការតភ្ជាប់ឱកាសការងាររាប់ម៉ឺនកន្លែងជូនដល់យុវជន សិស្ស និស្សិត និងកម្លាំងពលកម្មកម្ពុជា ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
នាឱកាសនោះ លោក ស៊ុន មេសា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំក៏សូមអំពាវនាវទៅដល់ក្មួយៗ ជាពិសេសសិស្សដែលទើបតែបញ្ចប់ការប្រឡងមធ្យមសិក្សា ទុតិយភូមិថ្នាក់ទី ១២ ថ្មីៗនេះ ឲ្យចូលរួមវេទិការបស់យើងឲ្យបានច្រើនកុះករ ព្រោះនេះគឺជាឱកាសរបស់ក្មួយៗហើយ ដើម្បីស្វែងយល់ពីទីផ្សារ ស្វែងយល់ពី ជំនាញ ហើយអ្វីដែលសំខាន់បំផុត គឺស្វែងយល់ពីឱកាសការងារ នៅពេលដែលប្អូនក្មួយៗរៀនចប់ ៤ ឆ្នាំ រៀនចប់ ២ ឆ្នាំ ឬក៏ប្អូនៗទាំងអស់ ទៅរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ នៅគ្រឹះស្ថានរបស់ក្រសួងការងារ និងស្ថាប័នដែលស្ថិតនៅក្រោមអាណត្តិរបស់ក្រសួងការងារផងដែរ»។
លោក ស៊ុន មេសា បានបន្ដថា ក្មួយៗនឹងដឹងថាជំនាញណាមួយដែលនឹងនាំក្មួយទៅរកអាជីព ហើយអ្វីដែលសំខាន់មានអាជីពហើយមានប្រាក់ចំណូលខ្ពស់។ ជាការពិតកម្ពុជាក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះ កំណើនសេដ្ឋកិច្ចរបស់យើងក្នុងរង្វង់ ៧% លើកលែងតែក្នុងបរិបទកូវីដ។ ហើយទោះបីជានៅក្រោយកូវីដ នៅពេលបច្ចុប្បន្ននេះប្រឈមនឹងបញ្ហានៅក្នុងតំបន់ សង្គ្រាមដែលផ្ទុះឡើងនៅតាមតំបន់មួយៗ យើងបានដឹងហើយថានៅមជ្ឈិមបូព៌ាមានអ្វីកើតឡើង នៅច្រកហ័រមូសមានអ្វីកើតឡើង ប្រេងអាចឡើងថ្លៃទៀតហើយ ព្រោះអាមេរិកកាំងបើកការវាយប្រហារទៅលើអ៊ីរ៉ង់ ហើយអ៊ីរ៉ង់បិទបច្រកនឹងសារជាថ្មីម្ដងទៀត។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា កម្ពុជារងផលប៉ះពាល់ ប៉ុន្តែសេដ្ឋកិច្ចកម្ពុជានៅក្នុងរង្វង់ ៤-៥% ដដែល។ ក្នុងរង្វង់ ៤-៥% នេះ កំណើននៃការបោះទុនវិនិយោគនៅក្នុងកម្ពុជាក្នុងរយៈពេល ៣ ឆ្នាំនេះ រាប់ពាន់រោងចក្រ ដែលបង្កើតឱកាសការងាររាប់សិបម៉ឺនកន្លែង។ អញ្ចឹងបានជាឃើញឱកាសការងារនៅកម្ពុជា អាទិត្យណាក៏ NEA ឃើញថាជាង ៩ ម៉ឺនដែរ។
សូមជម្រាបដែរថា ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ មានគោលបំណងដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារតាមរយៈការជួយជ្រោមជ្រែងនិយោជកដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារ បង្កើតឱ្យមានកន្លែងជួបជុំគ្នាដ៏ធំ និងងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ ហើយក៏មានការរៀបចំផងដែលនូវសិក្ខាសាលាស្តីពី ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន៕







