សមាគមរាជសីហ៍ នាំអំណោយមនុស្សធម៌ចែកជូនកុមារជាអ្នកជំងឺជាង ១,០០០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា
02-09-2026 14:26
(ភ្នំពេញ)៖ ក្នុងស្មារតីមនុស្សធម៌ចូលរួមសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសកុមារដែលកំពុងប្រឈមនឹងបញ្ហាសុខភាពលោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចាត់តាំងលោក សេក ភក្តី អនុប្រធានសមាគមរាជសីហ៍ ដោយមានការចូលរួមអមដំណើរដោយថ្នាក់ដឹកនាំសមាគមរាជសីហ៍ , ថ្នាក់ដឹកនាំសមាគមរាសីហ៍សាខារាជធានីភ្នំពេញ និងថ្នាក់ដឹកនាំសមាគមរាសីហ៍ សាខាខេត្តកំពត ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនកុមារ ជាអ្នកជំងឺជាង ១,០០០នាក់ ដែលកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ។
ពិធីនេះមានការទទួលស្វាគមន៍ពីលោក មាស សារិទ្ធ មន្ត្រីរដ្ឋបាលមន្ទីរពេទ្យ និងលោកគ្រូ អ្នកគ្រូពេទ្យ ជាតំណាងលោកសាស្ត្រាចារ្យមហាបរិញ្ញា គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ និងសហការី ព្រមទាំង ម្ចាស់អំណោយជាជនជាតិឥណ្ឌូនេស៊ី និងអាណាព្យាបាលអ្នកជំងឺជាកុមារជាង ១,០០០នាក់។
ក្នុងឱកាសនោះលោក សេក ភក្តី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងជូនពរពីលោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ព្រមទាំងបានបង្ហាញនូវការយកចិត្តទុកដាក់ និងក្តីអាណិតអាសូរចំពោះកុមារដែលកំពុងមានជំងឺ និងត្រូវការការថែទាំព្យាបាល និងបានជម្រាបថា អំណោយទាំងនេះបានមកពីការបរិច្ចាគរបស់ Mr. BAMBANG EKO ATMAJA ទីប្រឹក្សាសមាគមរាជសីហ៍ និងសប្បុរសជនរស់នៅប្រទេស ឥណ្ឌូនេស៊ី ដោយមានការសម្របសម្រួលពី លោក ម៉ូវ វណ្ណារិទ្ធិ ទីប្រឹក្សាសមាគមរាជសីហ៍ ។
ថ្នាក់ដឹកនាំសមាគមរាជសីហ៍ លោក សេក ភក្តី ក៏បានលើកទឹកចិត្តដល់កុមារអ្នកជំងឺទាំងអស់ ឱ្យខិតខំថែរក្សាសុខភាព អនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ដើម្បីឆាប់ជាសះស្បើយ អាចវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារ និងបន្តការសិក្សា។
គួររំលឹកថា សមាគមរាជសីហ៍ តែងតែយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ដោយបានឧបត្ថម្ភអំណោយផ្សេងៗ ដល់ វីរកងទ័ពជួរមុខ កងកម្លាំងការពារជាតិ រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត ស្រុក ឃុំ ភូមិ ប្រជាពលរដ្ឋ ជាពិសេស អ្នកជួបការលំបាក កុមារ មនុស្សចាស់ អ្នកជំងឺ និងគ្រួសារដែលមានជីវភាពខ្វះខាត ទូទាំងប្រទេស។ សកម្មភាពសប្បុរសធម៌ និងការចែករំលែកអំណោយនេះ បានរួមចំណែកផ្តល់ ក្តីសង្ឃឹម កម្លាំងចិត្ត និងភាពកក់ក្តៅ ដល់អ្នកដែលត្រូវការជំនួយ ក្នុងគោលបំណងរួមចំណែកកសាងសង្គមកម្ពុជាឱ្យកាន់តែមានភាពសុខដុមរមនា និងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។
ក្រុមការងារបាននាំយកអំណោយមនុស្សធម៌ជាគ្រឿងបរិភោគ និងសម្ភារប្រើប្រាស់ចំនួន ១ ០០០កញ្ចប់ សម្រាប់ចែកជូនអ្នកជំងឺ ១០០០នាក់ ដែលក្នុងម្នាក់ៗ ទទួលបាន៖ ទឹកដោះគោ០១ដុំ (៤កំប៉ុង) មី ១០កញ្ចប់ ត្រីខ ១យួរ ភួយ០១ ខ្នើយ០១ បាយ០១ប្រអប់ និងទឹកសុទ្ធ នំ ផ្លែឈើ៕


























