រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដឹកនាំគណៈប្រតិភូក្រសួង ចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
02-09-2026 13:59
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ដែលបានទទួលមរណភាពនៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។
ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជូនចំពោះ លោកស្រីសិរីធម្មសុខាភិរ័ក្ខរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ សុខ កែវ និងក្រុមគ្រួសារ ដែលបានបាត់បង់នូវឧត្ដមស្វាមី បិតា បិតាក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ មានគុណូបការៈដ៏ជ្រាលជ្រៅ និងជាទីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតរបស់កូនៗ ចៅៗ។
កន្លងមកលោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី តស៊ូ ពុះពារចិញ្ចឹមបីបាច់ថែរក្សា ផ្គត់ផ្គង់ទំនុកបម្រុងសព្វបែបសព្វយ៉ាង ដល់ក្រុមគ្រួសារ ព្រមទាំងផ្ដល់នូវឱវាទអប់រំទូន្មាន ភាពកក់ក្ដៅ និងសេចក្ដីស្រលាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបានដល់កូនៗ ចៅៗឱ្យបានក្លាយជាបញ្ញវន្តដ៏ប្រពៃ ជាពលរដ្ឋដ៏ល្អ។
ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន លោករដ្ឋមន្ត្រី ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

















