FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ផ្ញើសារដល់សិស្សទើបបញ្ចប់ថ្នាក់បាក់ឌុប ជ្រើសរើសជំនាញដែលខ្លួនស្រលាញ់ និងឆ្លើយតបតម្រូវការទីផ្សារការងារ

02-09-2026 13:56

(កំពង់ស្ពឺ)៖ សិស្សានុសិស្សដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងកំពុងពិចារណាថា «រៀនអ្វី នឹងរៀននៅឯណា? » ត្រូវផ្តោតលើការជ្រើសរើសជំនាញដែលខ្លួនស្រលាញ់ និងជំនាញដែលមានតម្រូវការនៅក្នុងទីផ្សារការងារ ដើម្បីកសាងអនាគត និងឱកាសការងារប្រកបដោយភាពច្បាស់លាស់។ នេះបើតាមលោក កែម ជាក់នី នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ។

លោកនាយកបានលើកទឹកចិត្តដល់យុវជន កុំឱ្យមានការព្រួយបារម្ភខ្លាំងពេក ចំពោះការសម្រេចចិត្តថាតើត្រូវរៀនជំនាញអ្វី ឬរៀននៅទីណា ប៉ុន្តែគួរសិក្សាស្វែងយល់ និងជ្រើសរើសជំនាញសិក្សាមួយដែលសមស្របទៅនឹងចំណង់ចំណូលចិត្ត និងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ។

លោកថ្លែងថា៖ «ការមានជំនាញនៅក្នុងដៃ មិនត្រឹមតែអាចជួយយុវជនស្វែងរកការងារធ្វើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតមុខរបរ និងឱកាសសម្រាប់ខ្លួនឯងនាពេលអនាគតផងដែរ»

លោកបានបញ្ជាក់ថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឬ TVET គឺជាផ្លូវដ៏សំខាន់មួយ ដែលអាចជួយឱ្យយុវជនទទួលបានជំនាញពិតប្រាកដ និងមានសមត្ថភាពឆ្លើយតបនឹងតម្រូវការរបស់និយោជក និងទីផ្សារការងារ។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់សិស្សដែលទើបប្រឡងបាក់ឌុបរួច ឱ្យចាប់យកឱកាសសិក្សាជំនាញ ដើម្បីទទួលបាន ជំនាញ ការងារ ប្រាក់ចំណូល និងអនាគតល្អ។

បើតាមលោកនាយក សម្រាប់ឆ្នាំសិក្សាថ្មីនេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានបើកឱកាសឱ្យយុវជន និងសិស្សានុសិស្សចុះឈ្មោះសិក្សាលើមុខជំនាញជាច្រើន ស្របតាមតម្រូវការទីផ្សារការងាររួមមាន៖ វិស្វកម្មឧស្សាហកម្ម អគ្គិសនី និងអេឡិចត្រូនិក មេកានិក និងយន្តសាស្ត្ររថយន្ត សំណង់ស៊ីវិល ព័ត៌មានវិទ្យា ធុរកិច្ច ទេសចរណ៍ កសិឧស្សាហកម្ម កសិកម្ម និងបសុព្យាបាល ព្រមទាំងមុខជំនាញជាច្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែមយុវជន ជាពិសេស សិស្សទើបបញ្ចប់ថ្នាក់ទី១២ អាចធ្វើការទំនាក់ទំនងលេខទូរសព្ទ ០១២/០៨១ ៩៩៥ ៩៥២, ០៦៧ ៤០ ៤៣ ៤៣, ០៩៣ ៥០ ៧៨ ៧៨, ០១៦ ៧៤ ៦៨ ៩៨ និង ០៩៨ ៥៥ ៧៧ ៩៥ ឬអញ្ជើញមកទីតាំងផ្ទាល់ដែលមានអាសយដ្ឋានស្ថិតនៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ផ្លូវជាតិលេខ៤៕