ដំណឹងមរណភាព! ឯកឧត្ដម នុត ឈឿម ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត, អតីតស្ថាបនិកចាងហ្វាងសារព័ត៌មានសុជីវធម៌ និងជាអតីតឥស្សរជនជាន់ខ្ពស់ សម្តេចព្រះនរោត្តម សីហនុ ទទួលមរណភាព ក្នុងជន្មាយុ ៩៣ឆ្នាំ
02-09-2026 11:03
(ភ្នំពេញ)៖ ឯកឧត្ដម នុត ឈឿម ទីប្រឹក្សាផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឋានៈស្មើទេសរដ្ឋមន្ត្រី អតីតស្ថាបនិកចាងហ្វាងសារព័ត៌មានសុជីវធម៌ និងជាអតីតឥស្សរជនជាន់ខ្ពស់របស់សម្តេចព្រះនរោត្តម សីហនុ បានទទួលមរណភាពក្នុងជន្មាយុ ៩៣ឆ្នាំ ដោយជរាពាធ នៅយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
«យើងខ្ញុំទាំងអស់គ្នាជាកូន កូនប្រសារ ចៅ ចៅប្រសារ ចៅទួត មានទុក្ខជាទម្ងន់ដោយ ឯកឧត្ដម នុត ឈឿម ត្រូវជាឪពុក ឪពុកក្មេក ជីតា និងជីតាទួត បានទទួលមរណភាពនៅថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២០៖២៥នាទីយប់ ក្នុងជន្មាយុ ៩៣ឆ្នាំ ដោយជរាពាធ។ បច្ចុប្បន្នសព ឯកឧត្ដម នុត ឈឿម បានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅបុរីប៉េងហួតដឹស្តាខ្វតធឺរៀល (ផ្លូវឧកញ៉ា ម៉ុង ឬទ្ធី) គេហដ្ឋានលេខ ៣២ ផ្លូវលេខ ៤ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ»។ នេះបើតាមសេចក្តីជូនដំណឹង។
សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ សូម សម្ដេច លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងបងប្អូន មិត្តភក្ដិទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។
អ្នកផ្ដើមបុណ្យ៖
*លោក នុត បូពិណ្ណារ៉ា ព្រមទាំងបុត្រ
*លោកស្រី នុត បូពិណ្ណារុំ និងស្វាមី ព្រមទាំងបុត្រ
*លោកស្រី នុត បូពិណ្ណារ៉ែន ព្រមទាំងបុត្រ
*លោក នុត បូពិណ្ណារត័្ន និងភរិយា ព្រមទាំងបុត្រ
*លោកជំទាវ នុត សិរីទេវី និង ឯកឧត្ដម គឺ ដារ៉ា ព្រមទាំងបុត្រ
លេខទំនាក់ទំនង៖
*លោកស្រី នុត វលក្ខ័ណ៍ ០៨៩ ២៣០ ២៧០
*ឯកឧត្ដម ឃីម នុតតារាសេរី ០៧៨ ៨២៨ ២០០៕




















