FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពីចក្ខុវិស័យទៅសកម្មភាព៖ ១ឆ្នាំនៃគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល និងអនាគតរបស់ពិភពលោក

02-09-2026 10:27

(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃលើកទី២៥ លោក Xi Jinping ប្រធានរដ្ឋចិន បានដាក់ចេញ «គំនិតផ្តួចផ្តើមស្តីពីអភិបាលកិច្ចសកល» ដែលបានក្លាយជាសំណើសំខាន់មួយរបស់ចិន សម្រាប់ការឆ្លើយតបចំពោះបញ្ហាប្រឈមនានាដែលកំពុងកើតមានឡើង ក្នុងប្រព័ន្ធសណ្ឋាប់ធ្នាប់អន្តរជាតិ។

មួយឆ្នាំបន្ទាប់ពីការដាក់ចេញ គំនិតផ្តួចផ្តើមនេះគួរត្រូវបានពិនិត្យមិនត្រឹមតែជាសំណើនយោបាយរបស់ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដោះស្រាយស្ថានការណ៍ពិភពលោកដែលកំពុងប្រឈមនឹងបញ្ហាស្មុគស្មាញជាច្រើន ដូចជា ជម្លោះភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងរវាងមហាអំណាច ការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀង ថាមពល បញ្ញាសិប្បនិម្មិត និងគម្លាតអភិវឌ្ឍន៍រវាងប្រទេសនានាទៀតផង។

«គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» មិនមែនមានន័យថា បង្កើតរដ្ឋាភិបាលពិភពលោកមួយឡើយ ផ្ទុយទៅវិញ វាសំដៅលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងស្ថាប័នអន្តរជាតិ ដើម្បីឱ្យសហគមន៍អន្តរជាតិអាចរួមគ្នាឆ្លើយតបចំពោះបញ្ហាដែលមានលក្ខណៈឆ្លងកាត់ព្រំដែន។

មូលដ្ឋានសំខាន់មួយទៀត គឺគតិបណ្ឌិតស្តីពី «ការពិគ្រោះយោបល់រួម និងការចូលរួមរួមគ្នា»។ នៅក្នុងពិភពលោកដែលមានភាពចម្រុះខាងប្រវត្តិសាស្ត្រ វប្បធម៌ ប្រព័ន្ធនយោបាយ និងកម្រិតអភិវឌ្ឍន៍ វាមិនអាចកំណត់គំរូតែមួយសម្រាប់ប្រទេសទាំងអស់។ ហេតុនេះ ប្រាជ្ញាចិនបានឆ្លុះបញ្ចាំងពីការគោរពភាពចម្រុះ និងការស្វែងរកចំណុចរួមតាមរយៈការសន្ទនា ដែលជាវិធីតែមួយសម្រាប់កាត់បន្ថយការប្រឈមមុខ និងបង្កើនការយល់ចិត្តគ្នារវាងរដ្ឋនិងរដ្ឋ។

លើសពីនេះ «គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបញ្ហាដែលប្រទេសកំពុងអភិវឌ្ឍន៍ប្រឈមមុខ ដូចជា ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការទទួលបានថាមពល ការអប់រំ សុខាភិបាល និងការប្រែប្រួលអាកាសធាតុ។ ប្រព័ន្ធអភិបាលកិច្ចសកលដែលមានប្រសិទ្ធភាព គួរតែអាចបំលែងធនធាន និងកិច្ចសហប្រតិបត្តិការអន្តរជាតិទៅជាលទ្ធផលជាក់ស្តែងសម្រាប់ប្រជាជន ដូចទៅនឹងប្រាជ្ញាចិនក្នុងការលើកកម្ពស់វិបុលភាពរួមរបស់ប្រជាជនចិនជាបទពិសោធន៍បញ្ជាក់ស្រាប់។

ជាសច្ចភាព អភិបាលកិច្ចសកលដែលមានភាពរឹងមាំមិនអាចកើតឡើងពីការកំណត់ដោយភាគីណាមួយតែម្នាក់ឡើយ។ វាត្រូវការការសន្ទនា ការពិគ្រោះយោបល់ ការសម្របសម្រួល និងការស្វែងរកផលប្រយោជន៍រួម។ ក្នុងបរិបទនេះ ការដាក់ចេញ «គំនិតផ្តួចផ្តើមស្តីពីអភិបាលកិច្ចសកល» អាចត្រូវបានមើលឃើញថា ជាការបន្តនៃការពិភាក្សារបស់សហគមន៍អន្តរជាតិស្តីពីអនាគតនៃប្រព័ន្ធពហុភាគី។

គំនិតផ្តួចផ្តើមនេះបង្ហាញពីឆន្ទៈប្រកបដោយភក្តីភាពរបស់ប្រទេសចិនក្នុងការ «បង្កើនកិច្ចសហប្រតិបត្តិការជំនួសឱ្យការប្រឈមមុខ» «បង្កើនការសន្ទនាជំនួសឱ្យការបែងចែក» និង «ផ្តោតលើការអភិវឌ្ឍរួមជំនួសឱ្យការអភិវឌ្ឍដែលបង្កើតគម្លាតកាន់តែធំ»។

មួយឆ្នាំបន្ទាប់ពីការដាក់ចេញ «គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» ដែលបានផ្តួចផ្តើមដោយប្រទេសចិន បានក្លាយជាចំណុចចាប់ផ្តើមសម្រាប់ឆ្លើយតបទៅនឹងសំណួរដែលថាតើពិភពលោកចង់ឱ្យប្រព័ន្ធអន្តរជាតិនាពេលអនាគតមានលក្ខណៈបែបណា?

អនាគតនៃអភិបាលកិច្ចសកលមិនត្រូវផ្អែកតែលើការប្រកួតប្រជែងអំណាចឡើយ ប៉ុន្តែត្រូវកសាងសហគមន៍មួយដែលពិភពលោកជាផ្ទះរួមរបស់យើងទាំងអស់គ្នា ក្នុងការរួមរស់ជាមួយភាពដោយឡែកពីគ្នា និងស្វែងរកកិច្ចសហប្រតិបត្តិការដែលអាចផ្តល់ផលប្រយោជន៍រួម។

ហើយគុណតម្លៃពិតប្រាកដនៃ«គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» នឹងមិនត្រូវបានវាស់ត្រឹមចំនួនប្រទេសដែលគាំទ្រគំនិតនេះឡើយ ប៉ុន្តែត្រូវវាស់តាមសមត្ថភាពរបស់សហគមន៍អន្តរជាតិក្នុងការបំលែងគោលការណ៍ទៅជាសកម្មភាព ការបំលែងការសន្ទនាទៅជាកិច្ចសហប្រតិបត្តិការ និងការបំលែងកិច្ចសហប្រតិបត្តិការទៅជាលទ្ធផលជាក់ស្តែងសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់មនុស្សជាតិ៕

ដោយ៖ បណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន