FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីឧស្សាហកម្មកម្ពុជា ជំរុញក្រុមហ៊ុនចិន ពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផលិតកម្មជាមួយសហគ្រាសក្នុងស្រុក និងពង្រីកការវិនិយោគ ប្រកបដោយគុណភាព (Video inside)

02-09-2026 10:08

(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ានដែលបានរៀបចំឡើងពេញមួយថ្ងៃនៅរាជធានីភ្នំពេញ បានបញ្ចប់ដោយជោគជ័យ ដោយបានប្រមូលផ្តុំថ្នាក់ដឹកនាំរដ្ឋាភិបាល វិនិយោគិន សហគ្រិន និងអ្នកជំនាញ ដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗសម្រាប់ពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម ព្រមទាំងជំរុញការតភ្ជាប់ធុរកិច្ចឱ្យកាន់តែរឹងមាំ និងបង្កើតតម្លៃសេដ្ឋកិច្ចរយៈពេលវែងកាន់តែច្រើនពីកិច្ចសហប្រតិបត្តិការ កម្ពុជា–ចិន។

ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលនេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីសារសំខាន់នៃភាពជាដៃគូសេដ្ឋកិច្ចកម្ពុជា–ចិន ដែលគួរវិវត្តស្របតាមដំណាក់កាលអភិវឌ្ឍន៍របស់កម្ពុជា និងត្រូវផ្តោតកាន់តែខ្លាំងលើគុណភាព និងផលទូលំទូលាយនៃការវិនិយោគ។

លោករដ្ឋមន្ត្រីបានបន្តថា ដំណាក់កាលបន្ទាប់នៃឧស្សាហូបនីយកម្មរបស់កម្ពុជា ត្រូវជំរុញដោយផលិតភាព បច្ចេកវិទ្យា ជំនាញ ស្តង់ដា នវានុវត្តន៍ និងខ្សែច្រវាក់ផ្គត់ផ្គង់ដែលកាន់តែរឹងមាំ។

លោក បានលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគចិនពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផលិតកម្មជាមួយសហគ្រាសក្នុងស្រុក តាមរយៈការបង្កើនការប្រើប្រាស់ធាតុចូលផលិតកម្មក្នុងស្រុក អភិវឌ្ឍអ្នកផ្គត់ផ្គង់កម្ពុជា ចាប់ដៃគូជាមួយ SME និងភ្ជាប់សហគ្រាសក្នុងស្រុកទៅកាន់ខ្សែច្រវាក់តម្លៃតំបន់ និងសកល។

លោកបានបន្ថែមថា«នៅពេលការវិនិយោគធំមួយទទួលបានជោគជ័យ ហើយអ្នកផ្គត់ផ្គង់កម្ពុជារួមចំណែករីកចម្រើនក្នុងគម្រោងនោះជាមួយគ្នា ផលប្រយោជន៍នឹងកើនឡើងទ្វេដង ព្រោះការវិនិយោគបែបនេះបង្កើតការងារ កសាងជំនាញ ផ្ទេរចំណេះដឹង បច្ចេកវិទ្យា និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចរបស់យើង»។
បន្ថែមពីនេះ លោក ហែម វណ្ណឌី បានអំពាវនាវឱ្យវិនិយោគិនចិនពង្រីកការវិនិយោគបន្ថែម ក្នុងវិស័យអេឡិចត្រូនិក យានយន្ត គ្រឿងបង្គុំ គ្រឿងម៉ាស៊ីន ការកែច្នៃកសិផល ផលិតកម្មបៃតង និងបច្ចេកវិទ្យាឌីជីថល ដោយសង្កត់ធ្ងន់ថា ភាពប្រកួតប្រជែងនាពេលអនាគតរបស់កម្ពុជា មិនអាចពឹងផ្អែកតែលើកម្លាំងពលកម្មដែលមានតម្លៃទាបនោះទេ។

លោករដ្ឋមន្ត្រីបានជំរុញឱ្យមានការតភ្ជាប់កាន់តែជិតស្និទ្ធរវាងវិស័យឧស្សាហកម្ម ជាមួយសាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវ របស់ប្រទេសទាំងពីរ ដើម្បីជំរុញការផ្ទេរបច្ចេកវិទ្យា ពាណិជ្ជូបនីយកម្ម ការបណ្តុះបណ្តាលបច្ចេកទេស និងនវានុវត្តន៍។

កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន មានកិច្ចពិភាក្សាលើវិស័យជាច្រើន រួមមានពាណិជ្ជកម្ម និងការវិនិយោគ ទីផ្សារមូលធន ការអភិវឌ្ឍឧស្សាហកម្ម កសិកម្ម ថាមពល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការឆ្លងដែន ព្រមទាំងការភ្ជាប់បណ្តាញធុរកិច្ច និងការកសាងភាពជាដៃគូរវាងសហគ្រាសកម្ពុជា និងចិន។

លោកបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមជាតិជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា (CamTIPA) បានលើកឡើងថា កិច្ចប្រជុំកំពូលនេះជាវេទិកាសម្រាប់ពង្រឹងទំនាក់ទំនងរវាងធុរកិច្ចកម្ពុជា និងចិន ស្វែងរកកាលានុវត្តភាពថ្មីៗ និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលអាចឈានទៅរកការវិនិយោគ និងភាពជាដៃគូពាណិជ្ជកម្មជាក់ស្តែង។

លោកបានថ្លែងថា កិច្ចប្រជុំនេះបានប្រមូលផ្តុំនូវគំនិត បទពិសោធន៍ និងចក្ខុវិស័យយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការរួមគ្នា រួមចំណែកអនុវត្តគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ឱ្យក្លាយជាសមិទ្ធផលពិតប្រាកដ។ លទ្ធផលសំខាន់ៗរួមមាន ការបើកដំណើរការជាផ្លូវការនូវ «មជ្ឈមណ្ឌលអភិវឌ្ឍពាណិជ្ជកម្ម និងវិនិយោគឆ្លងប្រទេសថ្នាក់ជាតិចិន-កម្ពុជា» ដែលនឹងក្លាយជាស្ពានតភ្ជាប់ដ៏មានប្រសិទ្ធភាព។ ជាមួយគ្នានេះ ក៏មានការចុះកិច្ចព្រមព្រៀងលើគម្រោងវិនិយោគយុទ្ធសាស្ត្រសំខាន់ៗ គ្របដណ្តប់លើវិស័យអប់រំ ឡូជីស្ទិក ពាណិជ្ជកម្មតាមដងផ្លូវសូត្រ និងទីផ្សារមូលបត្រ ដែលជាសក្ខីភាពនៃទំនុកចិត្តវិនិយោគិនអន្តរជាតិមកលើកម្ពុជា។

លោកបន្ថែមថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» កម្ពុជាគឺជា «ដែនដីនៃឱកាសមាស និងជាមជ្ឈមណ្ឌលវិនិយោគប្រកបដោយសុវត្ថិភាព សុខសន្តិភាព និងការលើកទឹកចិត្តខ្ពស់បំផុត»។

លោកបណ្ឌិត ហេង វុទ្ធី មានប្រសាសន៍ថា ការសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជា មិនត្រឹមតែជាការចាប់យកកាលានុវត្តភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមបង្កើតអនាគតដ៏រុងរឿង និងចីរភាពជាមួយគ្នានៅក្នុងតំបន់អាស៊ានផងដែរ៕