ឯកអគ្គរាជទូតថៃ ពឹងគេឱ្យបញ្ចុះបញ្ចូលទូតខ្មែរ មិនឱ្យលើកជម្លោះព្រំដែនក្នុងវេទិកាហ្វ្រង់កូហ្វូនី (Video inside)
02-09-2026 08:13
(ភ្នំពេញ)៖ ឯកអគ្គរាជទូតថៃ បានពឹងឯកអគ្គរដ្ឋទូតប្រទេសមួយឱ្យបញ្ចុះបញ្ចូលទូតខ្មែរ មិនឱ្យលើកជម្លោះព្រំដែនកម្ពុជា និងថៃ នៅក្នុងវេទិកាហ្វ្រង់កូហ្វូនី។ សំណើនេះ មិនត្រូវបានស្វាគមន៍ដោយទូតខ្មែរនោះឡើយ ហើយប្រកាសបកអាក្រាតរាល់ទង្វើឈ្លានពានរបស់ថៃ។
លោក លុយ ដេវីដ ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសបារាំង បានសរសេរលើហ្វេសប៊ុករបស់លោកថា «គួរឱ្យអស់សំណើចមែន! ឯកអគ្គរាជទូតផ្ទះលេខ២ បានព្យាយាមឱ្យឯកអគ្គរដ្ឋទូតនៃប្រទេសទីបីមួយ មកបញ្ចុះបញ្ចូលខ្ញុំ កុំឱ្យលើកឡើងពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅក្នុងវេទិកាហ្វ្រង់កូហ្វូនី (Francophonie)»។
តបនឹងសំណើនេះ លោក លុយ ដេវីដ បានប្រកាសជំហថា នឹងបកអាក្រាតនូវទង្វើឈ្លានពានរបស់ថៃមិនលើលែងឡើយ។ លោកបានបញ្ជាក់ដូច្នេះ «ខ្ញុំបានឆ្លើយតបយ៉ាងច្បាស់ថាប្រទេសរបស់លោកបានឈ្លានពានប្រទេសរបស់ខ្ញុំ ហើយថែមទាំងព្យាយាមបំភ្លៃការពិត ដោយប្រែក្លាយខ្មៅទៅជាស និងសទៅជាខ្មៅ។ ក្នុងនាមជាអ្នកការទូតកម្ពុជា ខ្ញុំមានកាតព្វកិច្ចការពារផលប្រយោជន៍ជាតិ ការពារការពិត និងប្រាប់សហគមន៍អន្តរជាតិឱ្យបានដឹងច្បាស់ថា តើភាគីណាជាអ្នកឈ្លានពាន និងភាគីណាជាជនរងគ្រោះ។ ដូច្នេះ គ្មានហេតុផលអ្វីដែលខ្ញុំត្រូវនៅស្ងៀមនោះទេ»។
សូមបញ្ជាក់ថា បើទោះបីកម្ពុជា ប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធីយ៉ាងណាក្តី តែកម្ពុជា មិនបានបោះបង់សកម្មភាពតវ៉ា និងលើកបង្ហាញពីការឈ្លានពានរបស់ថៃលួចប្លន់ដីកម្ពុជានោះឡើយ។ នៅគ្រប់វេទិកាអន្តរជាតិ ទាំងក្របខណ្ឌសភា និងរាជរដ្ឋាភិបាល មន្ត្រីកម្ពុជា តែងលាតត្រដាងទង្វើឈ្លានពានរបស់ថៃ។
ជាក់ស្តែងក្នុងវេទិកាសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ធ្វើឡើងនៅភ្នំពេញនាពេលថ្មីៗនេះ ទាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបធី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានរួមគ្នាលាតត្រដាងទង្វើឈ្លានពានរបស់ថៃ ហើយប្រកាសបង្ហាញជំហដោះស្រាយរបស់កម្ពុជា គឺប្រកាន់យកការដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ៕






