FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីសុខាភិបាល បណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១៣០ ដល់មន្ត្រីក្រោមឱវាទ ជាង៣ពាន់នាក់

01-09-2026 22:44

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹក នាំ វគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១៣០ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទ ក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom) សរុបចំនួន ៣០៦០នាក់។

ជាកិច្ចចាប់ផ្តើមលោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានរាយការណ៍ជូនពីលទ្ធផលជាវិជ្ជមាននៃការបង្ហាញរបាយការណ៍សមិទ្ធផលវិស័យសុខាភិបាលជូនដល់ប្រមុខរាជរដ្ឋាភិបាល និងជូនលទ្ធផលជាវិជ្ជមាននេះ ដល់មន្រ្តីសុខាភិបាល ដែលបានខិតខំរួមគ្នាពង្រឹងវិស័យតាមរយៈការបង្កើនសមត្ថភាពសេវាថែទាំ ព្យាបាលជូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រីក៏បានរំលឹកដល់អង្គភាពសុខាភិបាល ទាំងអស់ បន្តផ្តោតការយកចិត្តទុកដាក់ ទាក់ទាញការពេញចិត្តមកលើសេវាពីប្រជាពលរដ្ឋ និងរៀបចំយន្ត ការគ្រប់គ្រងឱសថឱ្យកាន់តែមាន សក្តិសិទ្ធិភាព។

ជាកិច្ចបន្តលោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានជូនបទបឋកថាស្តីពី ការទទួលយកភាពមិនប្រប្រាកដប្រជាហើយប្រែក្លាយភាពមិនប្រាកដប្រជា ឲ្យទៅជាកំលាំងចលករមួយ សម្រាប់បង្កើតឱ្យការរួបរួមគ្នាជាធ្លុងមួយប្រកបដោយស្មារតីទទួលខុសត្រូវរួមក្នុងការជំនះរាល់ការលំបាក។

ក្នុងវគ្គនេះ ក៏មានបទបង្ហាញចំនួន២ ផងដែរ។ មណ្ឌលសុខភាពស្វាយជ្រុំ បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពីការងារបង្កើនអត្រាការផ្តល់ថ្នាំបង្ការកញ្ជ្រិល ស្អូច (MR2) រីឯមន្ទីរពេទ្យបង្អែកខេត្តពោធិសាត់បានបង្ហាញពីវឌ្ឍនភាពនៃការផ្តល់សេវាសុខាភិបាលរបស់ខ្លួនរហូតទទួលបានការទទួលស្គាល់ជាមន្ទីរពេទ្យគំរូកំរិត CPA3៕