FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហគមន៍នេសាទចំនួន៣ ក្នុងស្រុកពាមជរ រួមគ្នាបង្ក្រាបបទល្មើសនេសាទនៅបឹងធម្មជាតិ ក្នុងរដូវបិទនេសាទ

01-09-2026 22:41

(ព្រៃវែង)៖ មន្ត្រីជលផលខេត្តព្រៃវែង នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងសហគមន៍នេសាទចំនួន៣ សហគមន៍ រួមគ្នាចុះល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅតាមដងទន្លេ និងវាលបឹងធម្មជាតិ ក្នុងស្រុកពាមជរ។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងការពារធនធានជលផល កុំឱ្យមានជនខិលខូចឆ្លៀតឱកាសលួចប្រព្រឹត្តបទល្មើសនេសាទនៅក្នុងរដូវបិទនេសាទ។

បើតាមលោក ហ៊ុន សាវី នាយរងផ្នែករដ្ឋបាលជលផលស្ទឹងស្លូត បានបញ្ជាក់ថា ប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទនេះ ធ្វើឡើងនៅចំណុចបឹងបាក់ឪ ស្ថិតក្នុងឃុំស្វាយភ្លោះ ស្រុកពាមជរ។ កិច្ចសហការនេះមានការចូលរួមពីសង្កាត់រដ្ឋបាលជលផលពាមជរ គណៈបញ្ជាការឯកភាពស្រុកពាមជរ និងកម្លាំងសហគមន៍នេសាទទាំង ៣ ក្រុម ដែលមានគ្នាសរុប ១៦នាក់ និងប្រើប្រាស់កាណូត ២គ្រឿង។

ជាលទ្ធផល មន្ត្រីជំនាញបានដកហូតឧបករណ៍នេសាទខុសច្បាប់ជាច្រើន រួមមាន៖ លូស្បៃមុងចំនួន ៤៥មាត់ របាំងព្រួលស្បៃមុងប្រវែង ៣១៥០ម៉ែត្រ និងបង្គោលចម្រឹងចំនួន ១១៥០ដើម។ ឧបករណ៍ទាំងនេះត្រូវបានដុតបំផ្លាញចោលភ្លាមៗនៅនឹងកន្លែង ដើម្បីទប់ស្កាត់ការប្រើប្រាស់ឡើងវិញ។ ក្រៅពីនេះ មន្ត្រីជំនាញក៏បានចាក់លែងកូនត្រីចម្រុះចំនួន ១២៥គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញផងដែរ ដើម្បីចូលរួមចំណែកក្នុងការអភិរក្ស និងបង្កើនធនធានជលផលធម្មជាតិ៕